នៅចាំល្អាងភ្នំថាមលួង ដែលក្មេងៗនិងគ្រូបង្វឹក១៣នាក់ជាប់នៅក្នុងនោះទេ? ពេលនេះថៃសម្រេចដាក់តំបន់រូងភ្នំថាមលួងនេះជាឧទ្យានបេតិកភណ្ឌអាស៊ានហើយ
ថៃ៖ យោងតាមសារព័ត៌មាន coconuts បានរាយការណ៍ថា ឧទ្យានព្រៃថាមលួងត្រូវបានគេសម្រេចដាក់បញ្ជូលជាឧទ្យានបេតិកភណ្ឌអាស៊ាន (ASEAN Heritage Park) ជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញនេះ។ សូមរម្លឹកជូនថា កាលពី ២ ឆ្នាំមុន ថាមលួងគ្រាន់តែជារូងភ្នំធម្មតាមួយដែលស្ថិតនៅក្នុងខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃប៉ុណ្ណោះ យ៉ាងណាក្តីបន្ទាប់ពីមានក្មេងថៃចំនួន ១២នាក់ និងគ្រូបង្វឹកបានជាប់នៅក្នុងរូបភ្នំនោះ វាបានធ្វើឲ្យរូងភ្នំមួយនេះល្បីល្បាញយ៉ាងខ្លាំងរហូតមានការរៀបចំតំបន់រូងភ្នំឲ្យក្លាយជារមណីយដ្ឋាននិងក្រោយមកអាជ្ញាធរសម្រេចដាក់តំបន់នោះឲ្យក្លាយជា ឧទ្យានព្រៃថាមលួង (The Tham Luang Forest Park) តែម្តង។

អ្វីដែលជាភាពជោគជ័យបន្ថែមមួយទៀតចំពោះឧទ្យានព្រៃថាមលួងនោះ គឺកាលពីម្សិលមិញនេះ ឧទ្យានព្រៃថាមលួងត្រូវរដ្ឋាភិបាលថៃសម្រេចដាក់បញ្ជូលជាឧទ្យានបេតិកភណ្ឌអាស៊ានបន្ថែមទៀត ដែលការដាក់បញ្ជូលនេះនឹងធ្វើឲ្យតំបន់រមណីយដ្ឋានមួយកាន់តែមានភាពល្បីល្បាញថែមមួយកម្រិតទៀត និងអាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះក្រៅតែពីឧទ្យានព្រៃថាមលួង រដ្ឋាភិបាលថៃក៏បានដាក់បញ្ជូលឧទ្យានមួយផ្សេងទៀតដែលមានឈ្មោះថា ឧទ្យានជាតិខាវសុខ (Khao Sok National Park) ឲ្យក្លាយជាឧទ្យានបេតិកភណ្ឌអាស៊ានផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ coconuts