អន្តរជាតិ

រៀបការបាន២ថ្ងៃ ស្រាប់តែកូនកំលោះស្លាប់ ដោយសារជំងឺកូវីដ១៩ ហើយភ្ញៀវជាង១០០នាក់ត្រូវគេរកឃើញវិជ្ជមានវីរុសនេះ

BY
autoadmin
July 2, 2020

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានស្លាប់ព្រោះតែជំងឺកូវីដ១៩ បន្ទាប់ពីរូបគាត់រៀបការបានត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ខណៈភ្ញៀវជាង ១០០នាក់ផ្សេងទៀតក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ១៩ ផងដែរ។ បើយោងតាមសារព័ត៌មាន DailyMail បានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Patna​ ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈបុរសជាជនរងគ្រោះត្រូវបានគេដឹងថា ទើបនឹងមានអាយុ ២៦ឆ្នាំ ប៉ុណ្ណោះ។ បុរសជាកូនកំលោះគឺជាវិស្វករ software ម្នាក់ ដែលទើបតែត្រឡប់មកពីទីក្រុងញូវដេលី (New Delhi) ហើយគាត់ក៏បានចេញរោគសញ្ញាដែរ។ បុរសនោះក្រោយមកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែមិនទាន់ជាសះស្បើយផង គាត់ក៏ត្រូវបានគ្រួសាររំសាយមកផ្ទះដើម្បីរៀបពិធីមង្គល។

ប្រភពខាងលើបានបន្តថា ​ពិធីមង្គលការរបស់បុរសជនរងគ្រោះបានរៀបចំឡើងដោយបំពាននឹងបំរាមរបស់អាជ្ញាធរសុខាភិបាលឥណ្ឌា ពោលគឺកម្មវិធីមង្គលការបានរៀបចំឡើងយ៉ាងអធិកអធមដោយមានភ្ញៀវចូលរួមជាង ៣០០ នាក់ ហើយនៅថ្ងៃបុណ្យសពរបស់បុរសជនរងគ្រោះ ក៏មានភ្ញៀវចូលរួមប្រមាណជា ២០០ នាក់ផងដែរ ដោយក្នុងនោះមានភ្ញៀវខ្លះធ្លាប់បានមកចូលរួមកម្មវិធីមង្គលការម្តងហើយផងដែរ។

បើគេសរុបចំនួនភ្ញៀវដែលបានចូលរួមកម្មវិធីទាំង ២ ខាងលើនេះ គឺមានមនុស្សជាង ៤០០ នាក់ផ្សេងគ្នាបានមកធ្វើការជួបជុំគ្នាដោយបំពាននឹងបំរាមរបស់អាជ្ញាធរសុខាភិបាល។  ជាលទ្ធផលអវិជ្ជមានគិតមកទល់នឹងពេលនេះគឺមានមនុស្សជាង ១០០ នាក់ហើយក្នុងចំណោមភ្ញៀវទាំងជាង ៤០០ នាក់ខាងលើនេះត្រូវបានគេធ្វើតេស្តវិជ្ជមួយជាមួយនឹងជំងឺកូវីដ ១៩  ខណៈភ្ញៀវជាង ៣០០ ផ្សេងទៀតកំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៦០៥ ២២០ ករណី និងស្លាប់ចំនួន​ ១៧ ៨៤៨ ករណី៕

អត្ថបទ៖ ភក្តី

ប្រភព៖ DailyMail

Share This Post: