ចុះមកមើលចំការ ឃើញជីវភាពពលរដ្ឋមកច្រូតស្មៅឲ្យគោស៊ីមានការពិបាក លោកឧកញ៉ាម៉ុង ឬទ្ធី ថានឹងខិតខំរកមធ្យោបាយវិនិយោគលើវិស័យ ២ នេះបន្ថែម នៅទីជនបទ ដើម្បីជួយពួកគាត់
- August 7, 2020
ឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះឲ្យដឹងពេលដែលចុះមើលចំការ បានឃើញពលរដ្ឋមកច្រូតស្មៅ ហើយមើលឃើញពីជីវភាពលំបាករបស់ពួកគាត់ ធ្វើឲ្យនឹកឃើញដល់ជីវភាពរបស់គ្រួសារលោកឧកញ៉ាកាលពី ៥០ឆ្នាំមុន។ លោកឧកញ៉ាបានមានប្រសាសន៍ថា នឹងខិតខំរកមធ្យោបាយវិនិយោគទុនលើវិស័យកសិកម្ម កសិឧស្សាហកម្មនៅទីជនបទបន្ថែមទៀត ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ ខាងក្រោមនេះជាសម្រង់ការសរសេរបង្ហោះរបស់លោកឧកញ៉ាលើហ្វេសបុកផេក៖
“វេលាម៉ោង៤ល្ងាចថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ២០២០ក្នុងដំណើរចុះមកមេីលចំការបានជួបសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលចូលមកច្រូតស្មៅយកទៅអោយគោសុី បេីមេីលទៅជីវភាពរបស់ពួកគាត់មិនខុសពីជីវភាពរបស់គ្រួសារខ្ញុំកាលពី៥០ឆ្នាំមុននោះទេ ដេីម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់នោះ ខ្ញុំត្រូវតែខិតខំរកមធ្យោបាយវិនិយោគទុនលើវិស័យកសិកម្ម កសិឧស្សាហកម្មនៅទីជនបទបន្ថែមទៀតដេីម្បីផ្តល់ការងារជូនពួកគាត់ធ្វើ”៕
គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតមួយឲ្យអ្នកចូលចិត្តបង្ហោះអួតទ្រព្យសម្បត្តិ មេត្តាឈប់ធ្វើសកម្មភាពបែបនេះទៀត ហើយគួរណាយកទ្រព្យសម្បត្តិទៅវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ។
ថ្មីៗនេះ ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះមួយទៀត ដែលមានខ្លឹមសារថា “នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកើតឡើងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428m កំពស់ 12m ខ្នងលើជាមធ្យម 12m ប្រើប្រាស់អាចម៍ដីអស់ចំនួន 122.000m3 អាចស្តុបទឹកបានជាមធ្យម 250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 350.000.00USD ។ ទំនប់ទឹកម៉ុង ឫទ្ធីទី២ប្រវែង 1.736m កំពស់11m ខ្នងលើជាមធ្យម 6m ទៅ 10m ដែលអាចស្តុបទឹកបានជាមធ្យម 1.250.000 ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 850.000.00USD បញ្ចប់ការងារសាងសង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា 1.500.000m3 ការចំណាយថវិការអស់ចំនួន USD1.172.020,00 បើប្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនើបឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ 1.500.000.00ដុល្លារឯណោះ ចំពោះគំនិតរបស់ខ្ញុំគិតថាយកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរើសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណរតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ”៕
- Share This Post: