សង្គម

ឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា “កុំដណ្ដើមអាហារូបករណ៍ពីអ្នកក្រ” និងលើកឡើងថា “បើមានអ្នកធំណាដាក់លិខិតស្នើសុំអាហារូបករណ៍ឱ្យកូន មកសាលាខ្ញុំ១០នាក់ គឺខ្ញុំបដិសេធចោលទាំង១០តែម្ដង”

BY
Khmernote Media
August 31, 2020

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសខាងអប់រំ ជាសហគ្រិនមួយរូបអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះដែរ លោកឧកញ៉ា បានលើកប្រធានបទ “កុំដណ្ដើមអាហារូបករណ៍ពីអ្នកក្រ” យកមកសរសេររៀបរាប់ដើម្បីឲ្យពិចារណា។ ខាងក្រោមនេះជាសម្រង់ការសរសេររបស់លោកឧកញ៉ានៅលើហ្វេសបុកផ្លូវការរបស់លោក សូមប្រិយមិត្តអានខាងក្រោម៖

“ខ្ញុំនៅតែមិនយល់ទាល់តែសោះ ថាហេតុអ្វីបុគ្គលមួយចំនួនមានលុយចាយមិនអស់ហើយ នៅតែចង់បានអាហារូបករណ៍ដោយអត់កេរ្តិ៍ខ្មាស ដោយមិនទំនងឱ្យកូនរបស់ខ្លួនទៀត? ហេតុអ្វីមិនព្រមបរិច្ចាគ ចែករំលែក និងទុកឱកាសនោះឱ្យទៅកូនអ្នកក្រីក្រខ្លះផង? បើមិនបានចូលរួមជួយដល់បុគ្គលខ្វះលទ្ធភាព ឬបើមិនបានចូលរួមចំណែកជួយដល់សង្គមទេ ពុំគួរឆ្លៀតឱកាស ឆក់ពីមាត់ ពង្រាត់ពីក គ្នាអ្នកខ្សត់ខ្សោយខ្វះខាត ក្រីក្រ និងគ្មានឱកាសនោះអី។ ក្នុងសង្គមខ្មែរបច្ចុប្បន្ន មានបុគ្គលខ្លះគ្រាន់តែកូនសុំលុយបង់សាលាត្រឹមតែ​៥០០ទៅ៦០០ដុល្លារ រអ៊ូរទាំ ជេរប្រទេច ឡូឡាស្ដីដាក់កូន។ និយាយរួម ពួកគាត់ហាក់បីមិនយល់ពីតម្លៃនៃការសិក្សារបស់កូនសោះតែម្ដង។ ប៉ុន្តែបើពួកគាត់​យក​លុយរាប់ពាន់ដុល្លារទៅចាយវាយលើស្រីញី ចូលខារ៉ាអូខេ ឬដើរផឹកស៊ីជាមួយមិត្តភក្តិ គឺមិនដែលហារមាត់ត្អូញត្អែរនោះទេ។

រីឯបុគ្គលអ្នកមានមួយចំនួនទៀតវិញ នៅពេលសុំអាហារូបករណ៍ឱ្យកូនមិនបាន គាត់បានគំរាមបិទសាលាគេចោលតែម្តង។ ទង្វើបែបនេះ ជាទង្វើមិនគួរកើតមានក្នុងសង្គមយើងទៀតនោះទេ ព្រោះសាលាគេមិនដែលធ្វើរឿងខុសឆ្គង គេមិនដែលទៅសូកប៉ាន់ ស៊កសៀត ឬគេចពន្ធអ្វីផង គេមិនដែលទៅជួញដូរគ្រឿងញៀនផង គេគ្រាន់តែបើកសាលាដើម្បីបណ្ដុះចំណេះដឹងដល់យុវជន និងកុមារខ្មែរសោះតើខុសដែរមែនទេ? ដូច្នេះក្នុងនាមជាអ្នកមានមុខមាត់ មានកិត្តិយសក្នុងសង្គម មិនគួរប្រើមធ្យោបាយបែបគំរាមគំហែងដើម្បីទទួលបានអាហារូបករណ៍នោះទេ ព្រោះការគំរាមកំហែងមិនប្រាកដថាគេសុទ្ធតែខ្លាចយើងទំាងអស់នោះឡើយ។ ចំណែកម្ចាស់សាលា ឬអ្នកគ្រប់គ្រងសាលាមួយចំនួន គ្រាន់តែឮអ្នកធំមានអំណាច​ណាម្នាក់ហារមាត់សុំអាហារូបករណ៍ឱ្យកូន គាត់ព្រមស៊ីញេជូនគេដៃពីរ​ដៃបីតែម្ដង។ បើគេហារមាត់សុំអាហារូបករណ៍១០កន្លែង គាត់ស៊ីញេជូនគេទាំង​១០កន្លែង ដោយគ្មានស្ទាក់ស្ទើរបន្តិចឡើយ។ ការណ៍នេះ ដោយសារគាត់ចាញ់ច្រាបគេ ដោយសារគាត់ជាមនុស្សស្លន់ស្លោ និងមិនបានស្វែងយល់ពីប្រព័ន្ធច្បាប់ឱ្យច្បាស់លាស់ ទើបជាហេតុធ្វើឱ្យពួកគេបិទទ្វារសាលាទៅវិញម្ដងមួយៗជាបន្តបន្ទាប់។ ចំពោះខ្ញុំ ខ្ញុំមិនដែលស៊ីញេផ្ដល់អាហារូបករណ៍ឱ្យអស់លោកធំណាទេ ទោះបីនិយាយគំរាមថានឹងបិទសាលាខ្ញុំក៏ដោយចុះ។

ខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំមិនបានធ្វើអ្វីខុសច្បាប់​ផងហ្នឹង។ ដូច្នេះបើមានអ្នកធំណាដាក់លិខិតស្នើសុំអាហារូបករណ៍ឱ្យកូន មកសាលាខ្ញុំ១០នាក់ គឺខ្ញុំបដិសេធចោលទាំង១០តែម្ដង។ ដូច្នេះ យើងគួរតែពួតដៃគ្នាលុបបំបាត់រូបភាពដ៏អាក្រក់ហ្នឹងចោល (អាហារូបករណ៍គំរាមកំហែង)។ ដើម្បីលុបបំបាត់រូបភាពដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ គឺមាន​តែកូនខ្មែរជំនាន់ក្រោយប៉ុណ្ណោះដែលអាចធ្វើបាន។ តើគួរធ្វើយ៉ាងម៉េច? គឺកូនខ្មែរគ្រប់រូបត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះ និងមានចំណេះដឹងទូលំទូលាយ។ ជាពិសេសកុំមានចិត្តលោភលន់ដូចបុគ្គលមានអំណាចមួយចំនួនឱ្យ​សោះ។ នៅពេលកូនខ្មែរជំនាន់ក្រោយធ្វើបែបនេះបាន នោះមិនថាកូនអ្នកមាន ឬកូនអ្នកក្រីក្រទេ គឺសុទ្ធតែអាចមានឱកាសបន្តការសិក្សាបានខ្ពង់ខ្ពស់ដូចគ្នា។ ពេលសង្គមពោរពេញដោយអ្នករៀនសូត្រចេះដឹង នោះប្រទេសជាតិនឹងអភិវឌ្ឍ​ជឿនលឿនមិនខាន។ សូមអ្នកមានៗ និងអ្នកធំៗមួយចំនួនដែលធ្លាប់សុំអាហារូបករណ៍គេ មេត្តាឈប់ចង់បានទៀតទៅ ទុកឱកាសឱ្យកូនអ្នកក្រីក្រទៅ ទុកឱកាសឱ្យអ្នកចង់រៀនសូត្រពិតប្រាកដតែខ្វះលទ្ធភាពបង់ថ្លៃការសិក្សាទៅ។ ពោលទុកអាហារូបករណ៍នោះឱ្យកូនអ្នកក្រីក្រ អ្នកដែលខ្វះពិត ហើយអ្នកដែលចង់រៀនពិតដែរ៕” ប្រភព៖ ហ្វេសបុក Oknha Dr. Mengly J. Quach

Share This Post: