ករណីជនបរទេសត្រូវក្រុមជនជាតិចិនព្រួតវាយនៅខេត្តព្រះសីហនុមិនដូច្នោះទេ ឥលូវដឹងការពិតហើយ
- June 1, 2018
កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលមួយតាមបណ្តាសារព័ត៌មានបរទេសជាច្រើនបានធ្វើការចុះផ្សាយទាក់ទងនឹងករណីជនបរទេសម្នាក់ត្រូវបានជនជាតិចិនមានគ្នាប្រមាណជា១០នាក់ព្រួតវាយនៅក្នុងទឹកដីខេត្តព្រះសីហនុ។ ក្រោយកើតមានករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់កំលាំងឲ្យធ្វើការស្រាវជ្រាវលើករណីនេះ ឥលូវបានដឹងការពិតហើយ៖
យោងតាមការរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ឲ្យដឹងថា៖ នៅថ្ងៃទី២៧ ខែឧសភា កន្លងទៅ បុរសជនបរទេសឈ្មោះ Paul John Farrell បានទៅហាងបារមួយកន្លែង ដើម្បីផឹកកំសាន្តនៅទីនោះ ក្រោយមកក៏មានមនុស្សមួយក្រុមបានត្រួតគ្នាវាយមកលើរូបគាត់ ដោយរូបគាត់ស្មានតែជាជនជាតិចិន ដែលនៅក្បែរនោះ។ ក្រោយពីធ្វើការសាកសួរម្ចាស់ហាងរួចទើបដឹងថា អ្នកព្រួតវាយគាត់មិនមែនជាជនជាតិចិនទេ គឺបុគ្គលិកបារ ដែលជាជនជាតិខ្មែរ។
ចំណែកឯម្ចាស់ហាងបារនោះបញ្ជាក់ថា នៅថ្ងៃកើតហេតុជនបរទេសខាងលើបានចូលមកហាង ហើយសុំស្រាបៀរជនជាតិចិនផឹក តែជនជាតិចិនទាំងនោះមិនឲ្យ ព្រោះខ្លាចមានរឿង ហើយម្ចាស់ហាងបារក៏បានប្រាប់ជនបរទេសនោះឲ្យចេញពីហាង ប៉ុន្តែជនបរទេសនោះបែរជាស្រែកជេរ ច្រាន និងបោចសក់ម្ចាស់ហាងថែមទៀត ឃើញដូច្នេះទើបបុគ្គលិកម្ចាស់ហាងបានចូលមកជួយក៏មានការប្រតាយប្រតប់គ្នារហូតរងរបួសទាំងសងខាងតែម្តង គឺមិនមានជនជាតិចិនណាមកព្រួតវាយជនបរទេសនោះទេ៕




អត្ថបទ៖ សេម
- Share This Post:






