ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្មេងស្រីម្នាក់មានជម្ងឺចម្លែកបង្ហាញអាការៈស្វិតដៃជើង អស់កម្លាំង និងអស់ជម្រើសក្នុងការព្យាបាល អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំង និងស្នើសុំការសហការពីក្រុមគ្រួសារយកប្អូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែក្រុមគ្រួសារសុំពន្យារពេលសិន សុំទុកឲ្យគ្រូខ្មែរព្យាបាលមួយរយៈពេលសិន

    BY Khmernote Media September 22, 2020
    ក្មេងស្រីម្នាក់មានជម្ងឺចម្លែកបង្ហាញអាការៈស្វិតដៃជើង អស់កម្លាំង និងអស់ជម្រើសក្នុងការព្យាបាល អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំង និងស្នើសុំការសហការពីក្រុមគ្រួសារយកប្អូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែក្រុមគ្រួសារសុំពន្យារពេលសិន សុំទុកឲ្យគ្រូខ្មែរព្យាបាលមួយរយៈពេលសិន

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានដំណឹងពីបណ្តាញសង្គមនាព្រឹកថ្ងៃទី ២២ កញ្ញា ២០២០ បានផ្សព្វផ្សាយថា មានគ្រួសារមួយស្ថិតនៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានក្មេងស្រីម្នាក់ត្រូវជាកូន-ចៅ ផ្ទុកជម្ងឺចម្លែកបង្ហាញអាការៈស្វិតដៃជើង អស់កម្លាំង….និងអស់ជម្រើសក្នុងការព្យាបាល។

    ដំណឹងនេះ ត្រូវបានបញ្ជូនទៅក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីជំរុញ និងអំពាវនាវក្រុមការងារចុះមូលដ្ឋានឃុំ-ស្រុក និងអង្គភាពពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

    នៅរសៀលថ្ងៃដដែលនេះ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារនៃគណ:អភិបាលស្រុក រួមជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំងផ្ទះអ្នកជម្ងឺនោះ នឹងបានព្យាយាមពន្យល់ ព្រមទាំងស្នើសុំការសហការពីក្រុមគ្រួសារគាត់ដើម្បីយកអ្នកជម្ងឺមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រួសារសុំពន្យារពេលសិន មិនទាន់យល់ព្រមជាមួយក្រុមការងារនោះទេ ដោយសុំទុកអ្នកជម្ងឺឲ្យគ្រូខ្មែរព្យាបាលមួយរយ:ពេលសិន រង់ចាំផុតរយៈពេលកំណត់ នឹងទំនាក់ទំនងជាមួយក្រុមការងារសាជាថ្មី។

    ក្រុមគ្រួសារអ្នកជម្ងឺ បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងការយកចិត្តទុកដាក់មកលើក្រុមគ្រួសាររបស់ពួកគាត់។ ដោយឡែក ឯកឧត្តម សរ សុពុត្រា បានចាត់តាំងឲ្យលោក ចែម សារីមភឺនឬទ្ធី អភិបាលស្រុកគងពិសី និងប្រធានមន្ទីរពេទ្យបង្អែកស្រុកសម្របសម្រួលការងារនេះ និង រង់ចាំជួយអន្តរាគមន៍ដោះស្រាយជូន នៅពេលដែលក្រុមគ្រួសារមានសំណូមពរ ឬយល់ព្រមមកទទួលការព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រ។ ក្រុមការងារបានផ្តល់នូវសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយលើការសម្រាកព្យាបាលអ្នកជម្ងឺ។

     

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: