ខ្មែរណូត

ស្វែងរក

  • សង្គម

    រឿងរ៉ាវទាំង១០ ក្នុងរយៈពេល១ឆ្នាំដំបូង ដែលលោក ឃឹម ហ្វីណង់ ចងចាំមិនភ្លេចនៅស្រុកបន្ទាយស្រី

    BY Khmernote Media October 8, 2020
    រឿងរ៉ាវទាំង១០ ក្នុងរយៈពេល១ឆ្នាំដំបូង ដែលលោក ឃឹម ហ្វីណង់ ចងចាំមិនភ្លេចនៅស្រុកបន្ទាយស្រី

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «ពេលវេលាដែលគួរឱ្យចងចាំ»៖ រូបថតមួយសន្លឹកនេះ បានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជើងភ្នំគូលែន នាពេលព្រឹកព្រលឹមថ្ងៃទី៧តុលា កាលពីឆ្នាំមុន ជាមួយនឹងអារម្មណ៍សញ្ជឹងគិតមួយ ដែលកប់ជ្រៅទៅក្នុងភាពល្វឹងល្វើយនៃក្តីស្រមៃ និងពោរពេញទៅដោយសំនួរ ភាពស្រពេចស្រពិល និងការរំពឹងទុក។ ថ្ងៃនោះ គឺជាថ្ងៃទីមួយដែលខ្ញុំបានធ្វើដំណើរមកកាន់សាលាស្រុកបន្ទាយស្រី និងបំពេញតួនាទីជាលើកដំបូងរបស់ខ្ញុំក្នុងឋានៈជាអភិបាលស្រុកបន្ទាយស្រី។

    មួយឆ្នាំបានកន្លងផុតទៅហើយ និងមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងអំឡុងពេលនេះ។ ពិតមែនតែខ្ញុំមិនអាចចងចាំបាននូវគ្រប់រឿងរ៉ាវទាំងអស់នោះក៏ដោយ ប៉ុន្តែមាន”ពេលវេលាខ្លះ”ដែលតែងតែដក់ជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំ ជាមួយនឹងមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែលមិនងាយនឹងអាចបំភ្លេចបាន។

    រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះបានរំលេចចេញនូវ”ពេលវេលាដែលគួរឱ្យចងចាំទាំង១០” នៃឆ្នាំដំបូងរបស់ខ្ញុំនៅលើទឹកដីបន្ទាយស្រី៖

    ១. ការចុះរុះរើខ្ទមអនាធិបតេយ្យចំនួន៤៩ខ្នងនៅជើងភ្នំគូលែន ដើម្បីថែរក្សាតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ និងការពារផលប្រយោជន៍រួមយូរអង្វែងនៃភ្នំគូលែន

    ២. អារម្មណ៍រំភើបក្រោយពេលបានឃើញទិដ្ឋភាពអ្នកភូមិព្រះដាក់សប្បាយរីករាយនឹងរាត្រីដំបូង បន្ទាប់ពីការបំពាក់អំពូលសូឡានៃយុទ្ធនាការ”ផ្ទះមួយអំពូលមួយ”ត្រូវបានបញ្ចប់

    ៣. ការទទួលបានការគាំទ្រយ៉ាងពេញទំហឹងមកពីគ្រប់ទិសទីដើម្បីជួយដោះស្រាយបញ្ហារាំងស្ទះនៃទីផ្សារត្រសក់ផ្អែមរបស់សហគមន៍កសិករនៅក្នុងស្រុកបន្ទាយស្រីត្រឹមតែក្នុងរយៈពេលដ៏ខ្លី

    ៤. ភាពតក់ស្លុតនឹងដំណឹងមរណៈភាពរបស់មីងឡាយ ដែលជាកសិករគំរូប្រចាំស្រុកបន្ទាយស្រី ជាដៃគូសហការដ៏ជិតស្និទជាមួយរដ្ឋបាលស្រុកលើការងារកសិកម្ម និងជាស្ថាបនិកត្រសក់ផ្អែមបន្ទាយស្រី

    ៥. ពេលដែលបានទៅឃើញដោយផ្ទាល់ភ្នែកពីការលំបាកនៃជីវភាពប្រចាំថ្ងៃនិងបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងររបស់អ្នកភូមិត្រពាំងថ្ម

    ៦. អារម្មណ៍ស្ញប់ស្ញែងនឹងភាពមានសណ្តាប់ធ្នាប់និងភាពជាគំរូនៃផ្ទះស្អាតរបស់មីងព្រឿន

    ៧. ការភ្ញាក់ផ្អើលនឹងការចូលរួមរបស់អ្នកភូមិព្រះដាក់ក្នុងការស្ម័គ្រចិត្តចំណាយថវិការៀបចំផ្លូវដើរក្នុងភូមិដោយខ្លួនឯង

    ៨. ភាពមានសណ្តាប់ធ្នាប់នៃមន្ត្រីទាំងអស់ក្នុងឯកសណ្ឋានតែមួយ ដែលបង្ហាញពីភាពមានវិន័យ សេចក្តីថ្លៃថ្នូរ ភាពស្មើគ្នា និងក្រឹត្យក្រមវិជ្ជាជីវៈ

    ៩. ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋក្រោយពេលដែលទំនាស់ដីធ្លីដែលបានអូសបន្លាយអស់ជាង១៥ឆ្នាំត្រូវបានបញ្ចប់

    ១០. អាជីវកម្មថ្មីនៅក្នុងភូមិព្រះដាក់បានលេចជារូបរាងឡើង ដែលឆ្លុះបញ្ចាំងពីផ្លែផ្កានៃការខិតខំប្រឹងប្រែងលើវិស័យទេសចរណ៍ ជាពិសេសនៅក្នុងដំណាក់កាលដែលកំពុងរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីជម្ងឺកូវីដ១៩។

    ***ហើយនិងអារម្មណ៍ពិបាកនឹងបរិយាយមួយទៀត ពេលដែលបានឃើញក្តីស្រលាញ់ឥតលក្ខខណ្ឌនៃក្មេងប្រុសម្នាក់ចំពោះសត្វចិញ្ចឹមរបស់ខ្លួននៅក្នុងទីជនបទដាច់ស្រយាល។

     

    Share This Post: