សង្គម

ស្នងការរាជធានីភ្នំពេញ បកស្រាយបំភ្លឺករណីយុវជន អាយុ១៧ឆ្នាំ ជាអ្នកលក់ត្រីអាំង វាយពូរត់ម៉តូឌុបរងរបួស ចុងក្រោយព្រមសងសំណង១ពាន់ដុល្លារ

BY
Khmernote Media
October 21, 2020

កាលពីពេលថ្មីៗនេះមានគណនី Facebook មួយឈ្មោះថា Kim Vang បានបង្ហោះព័ត៌មានស្តីពីអំពើហឹង្សាមួយនៅលើបណ្តាញសង្គម ដែលបានសរសេរប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ច។ ភ្លាមៗមិនបានប៉ុន្មានក្រុមការងារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺដូចខាងក្រោមថា៖ “សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកឈ្មោះ​ Kim Vang ដែលបានចុះផ្សាយបំភ្លេីសខុសពីការពិត​ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ជាពិសេសក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច

ការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ​ Kim Vang នេះគឺជាព័ត៌មានមិនពិត​ ជាក់ស្តែងករណីហិង្សានេះ​ ត្រូវបានភាគីទាំងសងខាងយល់ព្រមសម្របសម្រួលបញ្ចប់រឿងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំពីខាងណាឡេីយ​ ដោយភាគីបង្កយល់ព្រមទទួលកំហុស​ និងសងជំងឺចិត្តចំនួន​ ១,០០០​ដុល្លាដល់ជនរងគ្រោះសម្រាប់យកទៅព្យាបាលរបួស​ ។

ករណីឈ្លោះបង្ករបួសស្នាមនេះបានកើតឡើងនៅថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២០​ វេលាម៉ោង១៧:០០នាទី​ នៅមុខផ្ទះលេខ៨​ ផ្លូវលេខ១៩៣កែង២៩៨ ដែលបង្កឡេីងដោយឈ្មោះ​ ឆេន លីហេង ភេទប្រុស​ អាយុ១៧ឆ្នាំ​ មានទីលំនៅផ្ទះលេខ៤០៦E១​ ផ្លូវ១៩៣​ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ មុខរបរលក់ត្រីអាំង ជាជនបង្ក​ និងឈ្មោះ​ លន់ សារិន ភេទប្រុស​ អាយុ៥៩ឆ្នាំ​ មុខរបររត់ម៉តូឌុប មានទីលំនៅផ្ទះលេខ៣០​ ផ្លូវលំ​ សង្កាត់គោគឃ្លា​ង​ ខណ្ឌសែនសុខ ជាជនរងគ្រោះ ៕”

Share This Post: