រំភើបណាស់! លោកយាយវ័យ៩៣ឆ្នាំម្នាក់យកថវិកាបរិច្ចាគជូនកាកបាទក្រហម ហើយថា លោកយាយមានគោលបំណងចង់ចូលរួមការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជា ឲ្យបានមួយដងក្នុងឆាកជីវិតរបស់គាត់
ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពី កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោកយាយ ហុង អុន អាយុ ៩៣ឆ្នាំ មានទីលំនៅ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបរិច្ចាគថវិកា ១០០,០០០រៀល ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការណ្តាល។

ក្នុងឱកាសនោះដែរ លោកយាយ ហុង អុន បានប្រាប់ថា លោកយាយមានគោលបំណងចង់ចូលរួមការងារសង្គមតាមរយៈកាកបាទក្រហមកម្ពុជា ឲ្យបានមួយដងក្នុងឆាកជីវិតរបស់គាត់ ហើយថ្ងៃនេះគាត់មានក្តីរំភើបក្រៃលែងដែលបានមកកាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងបានទទួលការរាក់ទាក់ពីមន្ត្រីកាកបាទក្រហមកម្ពុជា។ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកប្រជាពលរដ្ឋកម្ពុជា ទោះបីជាថវិកាចូលរួមមិនច្រើនក្តី តែទឹកចិត្តមនុស្សធម៌គឺមិនអាចកាត់ថ្លៃបានឡើយ៕

ប្រភព៖ កាកបាទក្រហមកម្ពុជា