បុរសម្នាក់ជិះម៉ូតូបុកបារ៉ាស់ហាមឃាត់ហោះធ្លាក់ចូលប្រឡាយ បណ្តាលឲ្យឈ្លក់ទឹកបាត់បង់ជីវិត
រាជធានីភ្នំពេញ ៖ សពយុវជនម្នាក់ រួមជាមួយនឹងម៉ូតូមួយគ្រឿង នៅក្នុងប្រឡាយទឹក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅមាត់ប្រឡាយតាមផ្លូវដីទើបចាក់ថ្មី ដែលភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ទៅក្រោយរោងចក្រស្រាបៀរកម្ពុជា ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត០៩យប់ ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តសង្គ្រោះ ចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ទឹកប្រាក់ និងមួយសុវត្ថិភាពមួយនៅក្នុងប្រឡាយទឹកក្បែរសព ។

ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ ចាប សុផល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅអាស័យដ្ឋានផ្ទះលេខ៨២៩ ផ្លូវជាតិលេខ១ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានស្រុកកំណើតនៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដែលជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 1AB-8455 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតបានដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុនេះ គេឃើញមានម៉ូតូមួយគ្រឿង បានបត់មកពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ហៅផ្លូវ៦០ម៉ែត្រ) ចូលមកផ្លូវទើបចាក់ដីថ្មី ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ហើយក៏ទៅបាត់ទៅ ហើយផ្លូវនេះពុំសូវមានគេធ្វើដំណើរឡើយ ព្រោះជាផ្លូវទើបចាក់ដីថ្មី មិនមានភ្លើងបំភ្លឺផ្លូវអ្វីឡើយ ហើយនៅចំណុចមាត់ច្រកផ្លូវចូល ក៏មានគេដាក់បារ៉ាស់ហាមឃាត់ដែរ តែដោយសារតែអ្នកភូមិមួយចំនួនតែងតែធ្វើដំណើរឆ្លងកាត់ ពីក្រោយរោងចក្រស្រាបៀរកម្ពុជា ឆ្ពោះមកផ្លូវ៦០ម៉ែត្រ ព្រោះងាយស្រួលមិនចាំបាច់ជិះវាងផ្លូវឆ្ងាយ តែជិះបានតែម៉ូតូប៉ុណ្ណោះ ព្រោះនៅចំណុចកើតហេតុខាងលើ កាលពីទឹកឡើង គេកាយផ្លូវអោយទឹកហូរ ទើបប្រឡាយដែលបង្ហូរទឹកនោះ បន្សល់ទុកដល់បច្ចុប្បន្ន ដោយនៅកៀកប្រឡាយក៏មានបារ៉ាស់ដាក់ហាមឃាត់ដែរ ព្រោះគេមិនទាន់អោយធ្វើដំណើរឆ្លងកាត់នៅឡើយ តែអ្នកភូមិមួយចំនួនបានយកបន្ទះក្ដារមកដាក់ចំហៀងផ្លូវចុះទួល និងឡើងទួលសម្រាប់ធ្វើដំណើរបណ្ដោះអាសន្នប៉ុណ្ណោះ ។
ប្រភពបន្តថា លុះនៅវេលាម៉ោងខាងលើ ពេលដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះបានឲ្យដឹងថា នៅគាត់ឆ្លងកាត់ត្រលប់ទៅផ្ទះ ស្រាប់តែប្រទះឃើញបារ៉ាស់និងឈើឬស្សី ដែលគេដាក់ហាមឃាត់នោះរាយប៉ាយពេញផ្លូវ ក៏មានការសង្ស័យក៏ជិះទៅមាត់ប្រឡាយ បញ្ច្រាំងផ្លូវម៉ូតូមើលឃើញស្នាមចាប់ហ្វ្រាំងអូស រួចមើលចុះក្រោមក៏ឃើញតែម៉ូតូ ទើបដឹងថាមានមនុស្សជិះម៉ូតូបុកបារ៉ាសហើយហោះធ្លាក់ចូលប្រឡាយ ទើបចុះទៅមើលឃើញជនរងគ្រោះនៅក្រោមម៉ូតូក៏ចុះទៅជួយទាញឡើងមកបានបន្តិច ក៏ដឹងថាជនរងគ្រោះស្លាប់ហើយ ទើបផ្អើលឆោរឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលផងដែរដែរ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចក្រោយការពិនិត្យ និងស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថា ករណីស្លាប់របស់យុវជនខាងលើនេះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះជិះម៉ូតូធ្លាក់ប្រឡាយឈ្លក់ទឹកស្លាប់ដោយខ្លួនឯង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកចំណុចកើតហេតុបានស្រង់ជនរងគ្រោះនិងម៉ូតូមកលើគោក រួចឲ្យរថយន្តដឹកយកទៅតម្កល់ ទុកនៅវត្តឬស្សីសាញ់ រង់ចាំទាក់ទងសាច់ញ្ញាតិ មកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បងម៉េង ខ្មែរណូត