ចរាចរណ៍

រថយន្តដឹកដី ដឹកធ្ងន់លើសទម្ងន់ឡើងស្ពានមិនរួច ក៏រអិលថយក្រោយវិញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយរថយន្តកល់ជាប់នៅលើស្ពានទៅមុខលែងរួច

BY
srey nuch
August 13, 2021

ខេត្តកណ្ដាល៖ ស្ពានព្រែកកុងវាន់ រងការខូចខាតធ្ងន់ធ្ងរ ដោយសារការដឹកធ្ងន់លើសទម្ងន់ ឡើងស្ពានមិនរួច ក៏រអិលថយក្រោយវិញ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្កាន់ដៃស្ពានបាក់អស់ជាច្រើនទៀត កល់ជាប់រថយន្តទទឹងស្ពានតែម្ដង បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង កាលណីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្ពានព្រែកកុងវាន់ ស្ថិតក្នុងភូមិអញ្ជាញក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខាងជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សហការជាមួយអាជ្ញាធរអធិការដ្ឋានស្រុកខ្សាច់កណ្តាល បានចាប់ឃាត់រថយន្តដឹកដីធុនធំមួយគ្រឿង ប្រភេទយីឌុប (ភ្លៅ៤ កង់១២) បន្ទាប់ពីដឹកធ្ងន់ បើកឡើងស្ពានមិនរួច ក៏រអិលថយក្រោយ បុកបាក់បង្កាន់ដៃស្ពានព្រែកកុងវាន់ បណ្ដាលឲ្យខូចខាតប្រវែង ៥,៣០M និងបង្កការកកស្ទះចរាចរណ៍មិនអាចធ្វើដំណើរបានឡើយ ព្រោះរថយន្តកល់ជាប់ទទឹងស្ពាន។

បច្ចុប្បន្នរថយន្តដឹកដី ប្រភេទយីឌុបដែលបង្កហេតុថយបុកបាក់បង្កាន់ដៃស្ពានព្រែកកុងវាន់ កំពុងរក្សាទុកនៅក្នុងបរិវេនសាលាឃុំពុកឬស្សី ធានាសំណងថវិកាជួសជុលស្ពាន ឲ្យល្អដូចដើមវិញ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: