ចរាចរណ៍

រថយន្ត HILUX Revo បើកលឿនខណៈមេឃកំពុងភ្លៀង ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានដែកបាឡេពេញទំហឹង បណ្ដាលអោយខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ

BY
srey nuch
August 24, 2021

រាជធានីភ្នំពេញ៖ ខណៈមេឃកំពុងភ្លៀង មានរថយន្ត HILUX Revo ពាក់ស្លាកលេខរដ្ឋ06 ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានដែកបាឡេពេញទំហឹង បណ្ដាលឲ្យបាក់កាឡេកង់មុខនិងខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ និងរថយន្តផ្ទុះពោងសុវត្ថិភាពទើបមិនបណ្ដាលឲ្យអ្នកបើកបររងរបួសអ្វីឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅ ចំណុចលើស្ពានដែកបាឡេ (ផ្នែកខាងកើត) ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក HILUX REVO ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ06 2-0223 ជារបស់ក្រសួងការពារជាតិ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរឡើងស្ពានបាឡេដែក ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែឃើញរថយន្តរេចង្កូតទៅខាងស្ដាំដៃ ទៅបុកបង្កាន់ដៃ ស្ពានបាឡេដែកពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តបាក់កាឡេកង់មុខខាងឆ្វេងអូសខ្ទាតទៅបញ្ឈិតទទឹងលើស្ពាន បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំតែសំណាងល្អ ម្ចាស់រថយន្តមិនមានរបួសនោះទេ ព្រោះផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ចំណុចកើតហេតុនោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ចុះមកពិនិត្យមើលផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: