រថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ បើកលឿនក្នុងផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុកបង្គោលសួនច្បារប៉ាណូ រួញកាប៊ីនគៀបតៃកុងម្នាក់រងរបួសធ្ងន់ ស្ថិតនៅរង្វង់មូលតាព្រហ្មជិតស្ពានជ្រោយចង្វារ
រាជធានីភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបើករថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលឡើងលើសួនច្បារហោះទៅបុកផ្ទប់បង្គោលស្លាកប៉ាណូ រួញកាប៊ីនគៀបជាប់តៃកុង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលតាព្រហ្ម ផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ(Hyundai) ប្រភេទឃ្លប់ដឹកទំនិញបញ្ញេី២៥ខេត្តក្រុង របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ទម្ងន់៣តោន៨ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3F-5773 បុកបង្គោលស្លាកប៉ាណូ ខួបលើកទី៤២ ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២១ ដ៏ធំមួយ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ៣តោន៨ ដឹកទំនិញ បញ្ញើរ២៥ខេត្តក្រុង របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានបើកតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវកោងផងនោះ ដោយសារតែគាត់បើកលឿនបួងចង្កូតមិនទាន់ ក៏ជ្រុលហោះឡើងលើខឿនសួនច្បារ ទៅបុកបង្គោលស្លាកប៉ាណូខួបលើកទី៤២ ជ័យជម្នះ ៧មករា (ឆ្នាំ១៩៧៩-២០២១) ដ៏ធំមួយកណ្ដាលសួនច្បារ បណ្តាលឲ្យរួញកាប៊ីនកៀបជាប់តៃកុងរងរបួសធ្ងន់ក្រោយមកប្រជាពលរដ្ឋរួមទាំងអ្នកដំណើរព្រមទាំងបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ បាននាំគ្នាជួយគាស់យកតៃកុងចេញមក ដោយប្រើរយៈពេលមួយម៉ោងជាងទើបអាចគាស់សង្គ្រោះតៃកុងចេញមកបាន រួចបញ្ជូនតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យភ្លាមៗ។
តៃកុងរងរបួសធ្ងន់បាក់ជើង បើតាមសម្តីព្រូឡានកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាគាត់ឃើញ រថយន្តហោះឡើងលើសួនច្បារ គាត់ក៏បើកទ្វាររថយន្តលោតចេញពីរថយន្តតែម្ដង ទើបបណ្ដាលឲ្យរងរបួសស្រាល។ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំពោះបង្គោលស្លាកប៉ាណូវិញ រងការបែកបាក់បន្តិចបន្តួច។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕








ដោយ៖ បងម៉េង ខ្មែរណូត