បុរសម្នាក់បើកម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តសាមុយពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង
រាជធានីភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូ Scoopy បើកក្នុងល្បឿនលឿន ទៅបុកពីក្រោយរថយន្ត សាមុយ មណ្ឌលសុខភាពត្រាំខ្នារ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង១២៖០៥នាទីយប់ពាក់កណ្ដាលអធ្រាត្រចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចមុខមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) លើផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសាមុយ(សង្គ្រោះបន្ទាន់)របស់មណ្ឌលសុខភាពត្រាំខ្នារ ពាក់ស្លាកលខរដ្ឋ12 2-0748 បើកដឹកអ្នកជម្ងឺពីត្រាំខ្នារមកសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) បន្ទាប់ពីនាំអ្នកជម្ងឺចូលមន្ទីរពេទ្យរួច រថយន្តសាមុយខាងលើបានបើកបរតាមផ្លូវលេខ១៥០ បត់ស្ដាំឡើងមកផ្លូវ២៧១ លុះមកជិតដល់ច្រកចូលខាងមុខមន្ទីរពេទ្យ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី (Honda Scoopy) ពណ៌សពាក់ស្លាកលេខភ្នំពេញ 1IJ-5003 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តសាមុយរបស់មណ្ឌលសុខភាពត្រាំខ្នារខាងលើពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែង ត្រូវបានអ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនពន្លឺ មកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកកាបូបលុយរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយរក្សាទុកអោយ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញបានដឹងផងដែរ បន្តិចក្រោយមកក៏ឃើញសាច់ញាតិជនរងគ្រោះជិះម៉ូតូមកដល់សមត្ថកិច្ចក៏ប្រគល់ជូនសាច់ញាតិវិញ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចអោយភាគីសាច់ញាតិជនរងគ្រោះ ដោះស្រាយជាមួយខាងរថយន្តសាមុយមួយជំហ៊ានសិន បើមិនត្រូវគ្នាទេសមត្ថកិច្ចនិងអោយជំនាញមកវាស់វែង មធ្យោបាយទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕







ដោយ៖ បងម៉េង ខ្មែរណូត