ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់បើកម៉ូតូបុករថយន្ត PRIUS ដែលកំពុងបត់ត្រលប់ក្រោយ ខ្ទាតម៉ូតូអូសជាប់ក្រោមរថយន្តរាប់រយម៉ែត្រ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បាន

    BY Khmernote Media January 30, 2021
    បុរសម្នាក់បើកម៉ូតូបុករថយន្ត PRIUS ដែលកំពុងបត់ត្រលប់ក្រោយ ខ្ទាតម៉ូតូអូសជាប់ក្រោមរថយន្តរាប់រយម៉ែត្រ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បាន

    រាជធានីភ្នំពេញ៖ ស្ដែងៗ ខ្លាំងណាស់! បុរសម្នាក់ត្រូវអូសជាប់ក្រោមរថយន្តរាប់រយម៉ែត្រ រងរបួសអស់ជើងម្ខាង តែសំណាងល្អ មានពាក់មួកសុវត្ថិភាពក្បាល ទើបមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីជិះម៉ូតូបុករថយន្ត PRIUS ដែលបត់ឆ្វេងត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ខ្ទាតចូលក្រោមរថយន្តអូសទៅជាមួយតែម្ដង តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់បាន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១២:២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិ៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    អ្នកបើករថយន្តបង្កមានឈ្មោះ ភាជ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់រថយន្ត។ ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ស៊ុន ភក្ដី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១១១៧ ផ្លូវ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 1AO-1287 បានធ្វើដំណើរតាមដងផ្លូវជាតិលេខ២ ដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនបានស៊ីញ៉ូត្រឹមត្រូវនោះទេ ស្រាប់តែត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាហ្សូមម័រអ៊ិច (Honda Zoomer X) ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-4685 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅស្របគ្នា ក្នុងល្បឿនលឿន បានអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត PRUIS ចំចំហៀងផ្នែកខាងឆ្វេងកាងកង់ក្រោយ បណ្ដាលឱ្យខ្ទាតម្ចាស់ម៉ូតូចូលក្រោមរថយន្ត ហើយភ្លាមៗរថយន្តមិនព្រមឈប់ទេ បានបន្ថែមល្បឿន បានបន្តដំណើរចេញពីកន្លែងកើតហេតុ ទាំងអូសមនុស្សជាប់ក្រោមរថយន្ត តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដេញតាមពីក្រោយរហូតដល់ចំណុចមុខមជ្ឈមណ្ឌលម៉ូឌែន២ (ចម្ងាយពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ) ទើបមានអ្នកបើកកង់បីឥណ្ឌាម្នាក់បើកទៅស្ទាក់ពីមុខរថយន្ត និងឃាត់រថយន្តបង្កបានទាំងរថយន្តនិងតៃកុង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនតៃកុងរថយន្តយកទៅប៉ុស្តិ៍ដើម្បីរងចាំប្រគល់អោយជំនាញ ចំណែកជនរងគ្រោះត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ស្នងការណ៍មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

    អ្នកដែលឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានយើងថា នេះចាត់ទុកថាជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់ ដែលជនរងគ្រោះពាក់មួកការពារសុវត្ថិភាពក្បាលបានត្រឹមត្រូវ ទើបនៅពេលអូសក្រោមរថយន្តរាប់រយម៉ែត្រហើយ មិនគ្រោះថ្នាក់ដល់ក្បាលធ្ងន់ធ្ងន់។ បច្ចុប្បន្ន ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកសហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ ប្រគល់អោយជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: