ចាប់ខ្លួនស្រ្តីជប៉ុនម្នាក់ ក្រោយលាក់ស.ពម្តាយនៅក្នុងទូទឹកកកអស់១០ឆ្នាំ ដោយសារតែមូលហេតុនេះ
ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនម្នាក់ត្រូវបានប៉ូលីសទីក្រុងតូក្យូចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅនេះ បន្ទាប់ពីគេបានរកឃើញថា រូបគាត់បានលាក់សាកសពម្តាយនៅក្នុងទូទឹកកអស់រយៈពេលប្រហែលជា ១០ឆ្នាំ មកហើយ។ បើយោងតាមការការចុះផ្សាយរបស់ World of Buzz បានឲ្យដឹងថា ស្ត្រីដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Yumi Yoshino អាយុ ៤៨ឆ្នាំ ហើយរូបគាត់ជាមួយនឹងម្តាយ ធ្លាប់រស់នៅរួមគ្នាក្នុងផ្ទះជួលមួយកន្លែង នៅក្រោមឈ្មោះម្ដាយជាអ្នករ៉ាប់រងជួល។ ដោយសារតែម្ដាយរបស់គាត់បានស្លាប់ ហើយគាត់ខ្លាចថាម្ចាស់ផ្ទះជួលនឹងឱ្យគាត់ផ្លាស់ចេញពីទីនោះ ទើបស្ត្រីរូបនោះបានលាក់សាកសពម្ដាយរហូតមកដល់បច្ចុប្បន្ន។

បើយោងតាមការពិនិត្យសាកសពគឺស្រ្តីជាម្ដាយបានស្លាប់ នៅពេលគាត់មានអាយុប្រហែល ៦០ឆ្នាំ ខណៈនៅលើរាងកាយរបស់សាកសពគ្មានស្នាមរបួសអ្វីឡើយ ហើយរហូតមកទល់នឹងពេលនេះ ប៉ូលីសនៅមិនទាន់រកឃើញមូលហេតុពិតនៃការស្លាប់ និងពេលវេលាជាក់លាក់នៃការស្លាប់នៅឡើយទេ។ គួរបញ្ជាក់ជូនថា អ្នកដែលបានប្រទះឃើញសាកសពមុនគេ គឺជាស្រ្តីអ្នកសម្អាតម្នាក់ដែលបានចូលទៅបោសសម្អាតផ្ទះជួលមួយនោះ បន្ទាប់ពីម្ចាស់ផ្ទះជួលបានបណ្តេញស្ដ្រីឈ្មោះ Yumi Yoshino ចេញពីផ្ទះ ដោយសារតែគាត់មិនបានបង់ថ្លៃជួលផ្ទះយូរមកហើយ។
យោងតាមហេតុផលខាងលើនេះ គេអាចធ្វើការសន្និដ្ឋានជាបឋមថា ការអះអាងរបស់អ្នកស្រី Yumi Yoshino ចំពោះមូលហេតុនៃការលាក់សាកសពទំនងជាការពិត ខណៈប៉ូលិសក៏កំពុងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz