ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនទាំងអស់នៅស្រុកមួយក្នុងប្រទេសថៃ ទើបបើកទ្វារឲ្យចូលរៀនបានតែ១ម៉ោង បែរត្រូវប្រញាប់បិទទ្វារវិញជាបន្ទាន់ ដោយសារតែមូលហេតុនេះ

    BY Pheakdey February 2, 2021
    សាលារៀនទាំងអស់នៅស្រុកមួយក្នុងប្រទេសថៃ ទើបបើកទ្វារឲ្យចូលរៀនបានតែ១ម៉ោង បែរត្រូវប្រញាប់បិទទ្វារវិញជាបន្ទាន់ ដោយសារតែមូលហេតុនេះ

    ថៃ៖ សាលារៀនទាំង ១៥ កន្លែង ដែលមាននៅទីតាំងក្នុងស្រុក Mae Sot ខេត្ត Tak ភាគខាងជើងប្រទេសថៃ ត្រូវសម្រេចឲ្យបិទទ្វារជាបន្ទាន់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានរកឃើញថា មានកូនសិស្សចំនួន ៥នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ បើយោងតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា សេចក្តីប្រកាសឲ្យមានការបិទសាលារៀននេះ ត្រូវបានធ្វើឡើងដោយរដ្ឋបាលស្រុក Mae Sot និងត្រូវធ្វើឡើងបន្ទាប់ពីសាលារៀនបានបើកទ្វារឡើងវិញបានត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។

    ប្រភពខាងលើបានបន្តថា បន្ទាប់ពីបានរកឃើញមានសិស្សចំ​នួន ៥ នាក់ វិជ្ជមានជំងឺ COVID-19 អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញមានមនុស្សចំនួន ២៥ នាក់ផ្សេងទៀតបានប៉ះពាល់ជាមួយនឹងក្រុមកូនសិស្សទាំង ៥ នាក់ នោះយ៉ាងជិតស្និតផងដែរ ខណៈពេលនេះពួកគេកំពុងតម្រូវឲ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាព។

    គួរបញ្ជាក់ជូនថា កាលពីថ្ងៃច័ន្ទ ​ទី០១ កុម្ភៈ ម្សិលមិញនេះ ប្រទេសថៃបានសម្រេចបើកសាលាទាំងអស់នៅទូទាំងប្រទេសឲ្យដំណើរជាធម្មតាវិញ លើកលែងតែសាលារៀននៅក្នុងខេត្តសាមុតសាខនតែប៉ុណ្ណោះ។ បើយោងតាមអាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងផងដែរថា នៅក្នុងថ្ងៃម្សិលមិញនេះនៅទូទាំងខេត្ត Tak ត្រូវបានគេរកឃើញមានអ្នកជំងឺ COVID-19 ចំនួន ១៤៤ ករណី និងស្លាប់ ២ ករណី ខណៈសរុបជារួមគិតមកទល់នឹងពេលនេះប្រទេសថៃមានអ្នកជំងឺ COVID-19 សរុបចំនួន ១៩ ៦១៨ ករណី និងស្លាប់សរុបចំនួន ៧៧ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: