ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នងការខេត្ត ឆាយ៉ាភូមិ ប្រទេសថៃ សុខចិត្តកោរសក់ខ្លួន ព្រោះតែមន្ត្រីថ្នាក់ក្រោមធ្វើការមិនបានល្អ

    BY Pheakdey February 3, 2021
    ស្នងការខេត្ត ឆាយ៉ាភូមិ ប្រទេសថៃ សុខចិត្តកោរសក់ខ្លួន ព្រោះតែមន្ត្រីថ្នាក់ក្រោមធ្វើការមិនបានល្អ

    ថៃ៖ ស្នងការនគរបាលខេត្តមួយរូបនៅក្នុងប្រទេសថៃ បានកោរសក់និងបង្ហាញមុខជាសាធារណៈ បន្ទាប់ពីខេត្តដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោក ធ្វើការមានភាពធ្វេសប្រហែស រហូតធ្វើឲ្យក្រុមបាតុករអាចយកបដាធំៗចំនួន ២ មកព្យួរនៅមុខស្ថានីយ៍ប៉ូលិសមួយកន្លែងបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្នងការរូបនោះមានឈ្មោះថា ឧត្តមសេនីយ៍ឯក Panurat Lakboon ដែលជាស្នងការនគរបាលខេត្ត Chaiyaphum ខណៈដែលកន្លែងកើតហេតុ គឺនៅឯស្នងការដ្ឋាននគរបាលស្រុក Phu Khieo ដែលជាស្រុកធំមួយរបស់ខេត្ត Chaiyaphum ផងដែរ។ បដាធំៗទាំង ២ គឺសរសេរថា «កំណែទម្រង់ស្ថាប័នរាជវង្ស» និង «ជួយប្រទេសមីយ៉ាន់ម៉ា» ។

    លោកឧត្តមសេនីយ៍ឯក Panurat Lakboon បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលគាត់កោរសក់នេះ គឺដើម្បីបង្ហាញនូវភាពម៉ឺងម៉ាត់ និងការរក្សាវិន័យក្នុងនាមជាមន្ត្រីប៉ូលីស នៅក្នុងការដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋ ជាពិសេសគឺដើម្បីបង្ហាញពីការគោរពចំពោះស្ថាប័នរាជវង្សថៃ។ ក្រៅតែពីបាលកោរសក់ហើយនោះ លោកស្នងការខេត្តរូបនេះក៏បានបញ្ជាឱ្យមានការផ្ទេរតួនាទីអធិការនគរបាលស្រុក Phu Khieo ដែលជាថ្នាក់ក្រោមរបស់គាត់ចេញផងដែរ ដោយសារតែនៅអំឡុងពេលកើតហេតុ គឺគ្មាននរណាម្នាក់នៅទីនោះបានផ្ដល់ដំណឹងមកលោកស្នងការនោះទេ។

    គួររម្លឹកជូនថា នាពេលកន្លងលោកឧត្តមសេនីយ៍ឯក Panurat Lakboon ធ្លាប់ប្តេជ្ញាដោះស្រាយបញ្ហានៅតាមមូលដ្ឋានឲ្យបានល្អបំផុត ក៏ដូចជាទប់ស្កាត់ការតវ៉ាបែបអនាធិបតេយ្យគ្រប់រូបភាព។ យ៉ាងណាក្តីប៉ុន្មានថ្ងៃមុននេះ ក្រុមប្រជាពលរដ្ឋថៃជាច្រើននាក់មានទាំងក្រុមសិស្សសាលា បាននាំគ្នាធ្វើការតវ៉ាជាច្រើនករណី និងបានយកបដាចំនួន ២ មកព្យួរនៅមុខស្ថានីយ៍ប៉ូលិសតែម្តង៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: