ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លើងឆេះព្រៃយ៉ាងសន្ធោ​សន្ធៅបានវាយលុកទីក្រុងដ៏ធំមួយរបស់អូស្ត្រាលី ដែលធ្វើឱ្យផ្ទះចំនួន ៧១ ខ្នងត្រូវបានបំផ្លាញ ហើយអ្នកពន្លត់អគ្គិភ័យ ៦ នាក់បានរងរបួស

    BY Pheakdey February 3, 2021
    ភ្លើងឆេះព្រៃយ៉ាងសន្ធោ​សន្ធៅបានវាយលុកទីក្រុងដ៏ធំមួយរបស់អូស្ត្រាលី ដែលធ្វើឱ្យផ្ទះចំនួន ៧១ ខ្នងត្រូវបានបំផ្លាញ ហើយអ្នកពន្លត់អគ្គិភ័យ ៦ នាក់បានរងរបួស

    អូស្ត្រាលី៖ យ៉ាងហោចណាស់មានផ្ទះពលរដ្ឋចំនួន ៧១ខ្នង នៅជិតទីក្រុង Perth នៃប្រទេសអូស្រ្តាលី ត្រូវបានបំផ្លាញដោយអគ្គិភ័យ ដែលបង្កឡើងដោយសារភ្លើងឆេះព្រៃនៅក្នុងតំបន់។ សូមបញ្ជាក់ថាក្រុង Perth​ គឺជាក្រុងធំបំផុតលំដាប់ទី៤ របស់ប្រទេស ហើយអគ្គិភ័យបានកើតឡើងស្របពេលដែលទីក្រុងមួយនេះ កំពុងអនុវត្តវិធានការ «នៅក្នុងផ្ទះ» ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 ផងដែរ។ បើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ហេតុការណ៍នេះមិនបានបង្កឲ្យមានមនុស្សស្លាប់នោះទេ តែវាបានធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៦នាក់ រងរបួស ហើយក្នុងនោះគេបានគត់សម្គាល់ពីវីរភាពរបស់អ្នកពន្លត់អគ្គិភ័យម្នាក់ផងដែរ ដោយសារគាត់នៅតែបន្ដពន្លត់ភ្លើង ទោះបីខ្លួនរបស់គាត់បានរងរបួសទៅហើយ។

    ពលរដ្ឋនៅក្នុងតំបន់កើតហេតុរាប់រយនាក់បាននាំគ្នាធ្វើការជម្លៀសខ្លួនជាបន្ទាន់ ចាប់តាំងពីមានការឆេះព្រៃដំបូងៗ ខណៈអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ក្នុងកាលៈទេសៈបែបនេះពលរដ្ឋមិនចាំបាច់អនុវត្តវិធានការទប់ស្កាត់ជំងឺ COVID-19 ឲ្យបានខ្ជាប់ខ្ជួននោះទេ ពោលគឺត្រូវធ្វើយ៉ាងណាក៏ដោយឲ្យតែអាចរក្សាជីវិតខ្លួនបាន។ បន្ថែមពីនេះទៀតអាជ្ញាធរអូស្រ្តាលីក៏បានព្រមានថា ហេតុការណ៍ភ្លើងឆេះព្រៃអាចនឹងកើតមានជាថ្មីទៀត ហើយធ្ងន់ធ្ងរជាងនេះទៀតផង ព្រោះតាមការព្យាករណ៍អាកាសធាតុគឺគេបានរកឃើញថា អាកាសធាតុនឹងបន្តកើនឡើងកម្ដៅ ដែលអាចបង្កឲ្យមានភ្លើងឆេះព្រៃ ស្របពេលដែលកម្លាំងខ្យល់បក់នឹងកើតឡើងខ្លាំង នៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ខាងមុខ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: