ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ម៉ូតូប៉ះរថយន្តរបស់នារីរូបស្រស់បន្តិចបន្តួច ប្រកែកគ្នាបែកផ្សែងផ្អើលសមត្ថកិច្ចខណ្ឌមានជ័យ ចុះសម្របសម្រួលណែនាំទំរាំត្រូវគ្នា គ្រាន់តែទទួលស្គាល់កំហុស ហើយសុំទោសបញ្ចប់រឿង

    BY Khmernote Media February 5, 2021
    ម៉ូតូប៉ះរថយន្តរបស់នារីរូបស្រស់បន្តិចបន្តួច ប្រកែកគ្នាបែកផ្សែងផ្អើលសមត្ថកិច្ចខណ្ឌមានជ័យ  ចុះសម្របសម្រួលណែនាំទំរាំត្រូវគ្នា គ្រាន់តែទទួលស្គាល់កំហុស ហើយសុំទោសបញ្ចប់រឿង

    រាជធានីភ្នំពេញ៖ នារីរូបស្រស់សោភា បើករថយន្ត CAMRY HYBRID ស៊ីញ៉ូបត់ស្ដាំបានបន្តិច ត្រូវបុរសម្នាក់បើកម៉ូតូ Zoomer-X ហើយនិយាយទូរស័ព្ទជាប់ត្រចៀកមិនប្រយ័ត្ន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅប៉ះ ទ្វាររថយន្តខាងស្ដាំ បណ្ដាលឲ្យឆ្កូតបន្តិចបន្តួច ភាគីទាំងសងខាង បានប្រកែកគ្នាតឹងសរសៃកបង្កការភ្ញាក់ផ្អើលឡើងមួយប្រាវ ដោយសារខុសត្រូវមិនឃើញ ទើបសមត្ថកិច្ចចុះមកសម្របសម្រួល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅផ្លូវបេតុង ៣០ម៉ែត្រ កែងផ្លូវបេតុង(ជិតAMAZONE) ក្រោយសាលាចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រ៊ីត (CAMRY HYBRID) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-7417 បើកបរដោយនារីរូបស្រស់សោភាម្នាក់ បានធ្វើដំណើរតាមផ្លូវបេតុង៣០ម៉ែត្រ ទិសដៅពីស្តុបមុខវត្តចាក់អង្រែក្រោម ទៅផ្លូវ៦០ម៉ែត្រ ពីកើតទៅលិច ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុបានស៊ីញ៉ូស្ដាំ មុនបត់ប្រហែល១០ម៉ែត្រ បំណងបត់ចូលផ្លូវបេតុង ខណៈពេលកំពុងបត់ក្បាលបានបន្តិច ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាហ្សូមម័រអ៊ិច (Honda Zoomer-X) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HH-0854 កំពុងនិយាយទូរស័ព្ទដែលដាក់ក្នុងមួកការពារសុវត្ថិភាពជាប់ត្រចៀក ក្នុងល្បឿនយឺតល្មម មិនប្រយ័ត្ន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅប៉ះ ទ្វាររថយន្តខាងស្ដាំ បណ្ដាលឲ្យឆ្កូតបន្តិចបន្តួចប៉ុណ្ណោះ ហើយភាគីទាំងសងខាង បានចុះមកប្រកែកគ្នាតឹងសរសៃកបង្កការភ្ញាក់ផ្អើលឡើងមួយប្រាវ ដោយសារខុសត្រូវមិនឃើញ ទើបសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកសម្របសម្រួល អស់ពេលជិតមួយម៉ោង នៅតែមិនត្រូវគ្នា ព្រោះភាគីទាំងសងខាងប្រកាន់ជំហរត្រូវរៀងខ្លួន ទើបទំនាក់ទំនងផ្នែកវាស់វែងចរាចរណ៍ចុះមកពិនិត្យមើល និងសម្របសម្រួលមួយជំហានទៀត។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកវាស់វែង របស់អធិការដ្ឋានខណ្ឌមានជ័យ ចុះទៅកន្លែងកើតហេតុ បានអោយភាគីទាំងសងខាងដោះស្រាយមួយជំហានសិន ដោយភាគីនារីរូបស្រស់សោភា ម្ចាស់រថយន្តគ្រាន់តែចង់ អោយខាងម៉ូតូដឹងកំហុសរបស់ខ្លួន បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង និងនិយាយទូរស័ព្ទបណ្ដើរបើកបរបណ្ដើរប៉ុណ្ណោះ មិនមែនចង់អោយគាត់សងលុយទេ ព្រោះគាត់គិតថាខ្លួនត្រូវទើប រូបនាងទាមទារសំណង់៣០ដុល្លារ ធ្លាក់សល់២០ដុល្លារ ក៏ខាងម៉ូតូនៅតែមិនព្រមសង តែដោយមានការពន្យល់ណែនាំ ភាគីទាំងសងខាង ទំរាំដោះស្រាយគ្នាត្រូវ គឺភាគីខាងម៉ូតូបានយល់ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការសុំទោសនារីរូបស្រស់ម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ចតែម្ដង ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: