ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ថ្ងៃគម្រប់ខួបស្នេហា២ឆ្នាំ២ខែ នាំគ្នាធ្វើ Anniversary ចប់កម្មវិធីខាងប្រុសជិះម៉ូតូមកផ្ទះមុន បែរជួបគ្រោះថ្នាក់បុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យបាត់បង់ជីវិតចោលសង្សារទាំងក្មេងវ័យ

    BY Khmernote Media February 9, 2021
    ថ្ងៃគម្រប់ខួបស្នេហា២ឆ្នាំ២ខែ នាំគ្នាធ្វើ Anniversary ចប់កម្មវិធីខាងប្រុសជិះម៉ូតូមកផ្ទះមុន បែរជួបគ្រោះថ្នាក់បុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យបាត់បង់ជីវិតចោលសង្សារទាំងក្មេងវ័យ

    រាជធានីភ្នំពេញ៖ គួរឲ្យអាសូរ ! បន្ទាប់ពីមេឃធ្លាក់ភ្លៀងអស់ពេលជាច្រើនម៉ោង មានយុវជនម្នាក់បានស្លាប់ចោលសង្សារដែលទេីបតែធ្វេីខួប Anniversary រយៈពេល២ឆ្នាំ២ខែរួចហើយ បានជិះម៉ូតូត្រលប់ទៅផ្ទះវិញ ក្នុងល្បឿនលឿន បុករបាំងថ្មដែលខ្ទាតរាយប៉ាយពេញផ្លូវដោយសាររថយន្តមិនស្គាល់ម៉ាកបុកហើយបើករត់បាត់ ពីកាលពីវេលាម៉ោង០៣:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខក្រសួងការពារជាតិ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ជនរងគ្រោះមានឈ្មោះ ហង្ស មាសសុវណ្ណចេស្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមើលការខុសត្រូវ ណេតមួយកន្លែង នៅម្ដុំផ្សារកណ្ដាល មានទីលំនៅបច្ចុប្បន្ននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HS-6632 ជិះតែម្នាក់ឯង ។

    តាមសម្តីប្រជាពលរដ្ឋម្នាក់បានប្រាប់ក្រុមការងារខ្មែរណូតថា នៅយប់ថ្ងៃកើតហេតុ មេឃធ្លាក់ភ្លៀងមិនដាច់គ្រាប់ឡើយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS បើកបុកទ្រូងផ្លូវនៅចំណុចស្តុបក្ដាន់២ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃកើតហេតុខាងលើ ដោយមិនដឹងថាត្រូវរបួសអ្វីខ្លះនោះទេ ព្រោះភ្លាមៗនោះអ្នកបើកបររថយន្តបានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅទទឹងម្ខាងផ្លូវសហព័ន្ធរុស្សី ជាហេតុធ្វើអោយ រថយន្តដែលបើកស្របទិសមក ពីកើតទៅលិច ត្រូវធ្វើដំណើរបញ្ច្រាសទិសលើគន្លងផ្លូវម្ខាងទៀត ដោយមិនឃើញមានសមត្ថកិច្ចខណ្ឌដូនពេញចុះមកពិនិត្យមើលឡើយ តែអរគុណប្រជាពលរដ្ឋនិងអ្នករត់កង់បី ដែលបានយកសាជី និងថង់សំរាមដាក់ជាសញ្ញាសម្គាល់ដើម្បីកុំអោយមានយានយន្តដទៃបើកទៅបុក។

    ប្រភពបន្តថា អស់រយៈពេលជិត២ម៉ោង គេឃើញរថយន្តខាងលើនោះ នៅទទឹងផ្លូវដដែលមិនទាន់បានស្ទូចចេញនៅឡើយ តែឃើញរបាំងថ្មបែងចែកទ្រូងផ្លូវ ចំនួន៣ផ្ទាំងផ្សេងទៀតលើផ្លូវសហព័ន្ធរុស្សីដដែល តែនៅខាងលិចកន្លែងដែលរថយន្ត PRIUS បុកខាងលើចម្ងាយប្រហែល៤០ម៉ែត្រ បានខ្ទាតរាយប៉ាយពេញផ្លូវ ទំនងមានរថយន្តធន់ធំបុកហើយបើករត់បាត់ ព្រោះសភាពបុកនេះខ្លាំងរហូតប៉ើងខ្ទាត និងខ្ទេចផ្ទាំងថ្មថែមទៀត ។ ដោយសារការទុកចោលគ្មានអ្នកណាអើពើផង ទើបយុវជនដែលជាជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿន ពីទិសខាងកើតមកលិច ក៏ជ្រុលមកបុករបាំងថ្មនោះ បណ្ដាលឲ្យហោះផ្លោងទាំងមនុស្សទាំងម៉ូតូបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗតែម្ដង ។

    បើតាមសម្ដីយុវតីដែលជាសង្សាររបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ក្រុមការងារខ្មែរណូតថា នៅយប់ថ្ងៃកើតហេតុនេះ ជាថ្ងៃគម្រប់ខួបស្នេហារបស់ពួកគេទាំងពីរនាក់ ដែលបានស្រលាញ់គ្នា អស់រយៈពេល២ឆ្នាំ២ខែមកហើយ ដែលពួកគេរួមទាំងបងស្រីខាងប្រុស ទើបតែនាំគ្នាធ្វើ Anniversary និងហូបអាហារជាមួយគ្នានៅហាងមួយកន្លែង នៅជិតវិមានឯករាជ្យ លុះចប់កម្មវិធីបានចេញមកផ្ទះវិញ ដោយជិះម៉ូតូម្នាក់មួយគ្រឿង ដោយសង្សាររបស់នាង បានជិះម៉ូតូមកផ្ទះមុន តែបានពាក់កណ្ដាលផ្លូវ ក៏ជួបគ្រោះថ្នាក់ទៅបុករបាំងថ្មពុះចែកផ្លូវ ដែលខ្ទាតរាយប៉ាយពេញផ្លូវ ដោយសារមានរថយន្តមិនស្គាល់ម៉ាក បើកទៅបុកហើយបើករត់បាត់ បណ្ដាលឲ្យដួលអូសទាំងមនុស្ស ទាំងម៉ូតូជាង៥០ម៉ែត្រណ្ដាលឲ្យស្លាប់ភ្លាមៗបែបនេះទៅវិញ ។ ហេតុការណ៍នេះបានធ្វើឲ្យយុវតីដែលជាសង្សាររបស់ជនរងគ្រោះក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ខំស្រែកដង្ហើយហៅឈ្មោះសង្សារ បងអើយមកវិញមក បង តែទោះជាយ៉ាងណា ជនរងគ្រោះបានលាចាកលោកយើងទៅហើយ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងប្រគល់សាកសពឲ្យទៅសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅវត្តតាំងកសាង ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្ដី អាឡោះអាល័យគ្រប់ៗគ្នា ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: