ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនមីយ៉ាន់ម៉ាជាច្រើននាំគ្នាទៅចាក់សាក់អក្សរបែបនេះលើរាងកាយ ដើម្បីធ្វើការប្រឆាំងចំពោះរបបផ្តាច់ការជាអចិន្ត្រៃយ៍

    BY Pheakdey February 10, 2021
    យុវជនមីយ៉ាន់ម៉ាជាច្រើននាំគ្នាទៅចាក់សាក់អក្សរបែបនេះលើរាងកាយ ដើម្បីធ្វើការប្រឆាំងចំពោះរបបផ្តាច់ការជាអចិន្ត្រៃយ៍

    មីយ៉ាន់ម៉ា៖ ប្រតិកម្មរបស់ពលរដ្ឋមីយ៉ាន់ម៉ាចំពោះការធ្វើរដ្ឋប្រហារយោធាបានកើតមានឡើងជាបន្តបន្ទាប់រាប់ចាប់តាំងពីមានការគោះចានគោះឆ្នាំងនៅពេលយប់ដើម្បីសម្តែងនូវការមិនពេញចិត្ត បុគ្គលិកសុខាភិបាល អប់រំ និងបុគ្គលិកក្រុមហ៊ុនឯកជនមួយចំនួនសម្រេចធ្វើពហិការមិនចូលបម្រើការ​ងារ ពលរដ្ឋនិងក្រុមសិស្សសាលារាប់រយនាក់បានចុះថ្នល់ធ្វើបាតុកម្ម ហើយនៅចុងក្រោយនេះគេបានសង្កេតឃើញក្រុមយុវជនមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាទៅចាក់សាក់នៅលើដៃរបស់ពួកគេដើម្បីសម្តែងនូវការប្រឆាំងចំពោះរបបផ្តាច់ការយោធា។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មូលហេតុដែលក្រុមយុវជនមីយ៉ាន់ម៉ានាំគ្នាទៅចាក់សាក់នៅពេលនេះគឺពួកគេចង់បង្កើតឲ្យមានការចងចាំនិងការដាស់តឿនជាអចិន្ត្រៃយ៍នូវ ផ្នត់គំនិតប្រឆាំងចំពោះរបបផ្តាច់ការនិងស្មារតីគោរពស្រលាញ់របបប្រជាធិបតេយ្យ។ ប្រភពខាងលើបានបន្តថា រូបសាក់ដែលក្រុមយុវជនមីយ៉ាន់ម៉ានិយមសាក់ច្រើនជាងគេនោះមានដូចជាពាក្យ “Kabar Ma Kyay Bu” ដែលជាឃ្លានៅក្នុងបទចម្រៀងសម្រាប់ធ្វើបដិវត្តមួយនិងមានន័យជាខេមរៈភាសាថា “យើងនឹងមិនអាចបំភ្លេចបានទេរហូតដល់ចុងបញ្ចប់នៃពិភពលោក” ។

    អ្នកខ្លះបានសាក់ពាក្យថា “យើងប្រឆាំងនឹងរបបផ្តាច់ការយ៉ាងដាច់អហង្ការ” ខណៈដែលអ្នកខ្លះវិញបានសាក់រូបលោកស្រី អ៊ុង សានស៊ូជីតែម្តង។ លោក John Gyi ដែលជាវិចិត្រករសាក់រូបនិងជាអ្នកគាំទ្ររបបប្រជាធិបតេយ្យម្នាក់ផងនោះបានឲ្យដឹងថា ចាប់តាំងពីមានរដ្ឋប្រហារយោធាមកគាត់បានសាក់រូបលោកស្រីអ៊ុង សានស៊ូជី ចំនួន ១០ កន្លែងហើយនៅលើរាងកាយរបស់គាត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: