ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តបត់ត្រលប់ក្រោយ ធ្វើឲ្យម៉ូតូអកហ្សឺជ្រុលទៅបុកខ្ទេចមួយចំហៀង ម្តាយម្ចាស់ម៉ូតូមកដល់គ្រាន់តែដឹងតម្លៃជួសជុលរថយន្ត ក៏ស្រែកទ្រហោយំលើកដៃសំពះម្ចាស់រថយន្ត ដោយសារមានតែ១០ម៉ឺនរៀល

    BY Khmernote Media February 15, 2021
    រថយន្តបត់ត្រលប់ក្រោយ ធ្វើឲ្យម៉ូតូអកហ្សឺជ្រុលទៅបុកខ្ទេចមួយចំហៀង ម្តាយម្ចាស់ម៉ូតូមកដល់គ្រាន់តែដឹងតម្លៃជួសជុលរថយន្ត ក៏ស្រែកទ្រហោយំលើកដៃសំពះម្ចាស់រថយន្ត ដោយសារមានតែ១០ម៉ឺនរៀល

    រាជធានីភ្នំពេញ៖ យុវជនម្នាក់កំពុងបើកបរម៉ូតូមួយគ្រឿងតាមផ្លូវត្រង់ ស្រាប់តែអកហ្សឺ រថយន្ត Mazda មួយគ្រឿង ដែលបើកបត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ទើបធ្វេីឲ្យម៉ូតូចាប់ហ្វ្រាំងទាំងបង្ខំ បោកផ្ទប់ចំហៀងរថយន្តពេញទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ ហើយហួសចិត្តខាងក្រុមហ៊ុនធានារ៉ាប់រង FORTE អោយខាងរថយន្តទូរស័ព្ទទៅសួរជាង ជួសជុលរថយន្ត ដើម្បីវាយតម្លៃការខូចខាត លុះជាងប្រាប់ថា អស់១៥០០ដុល្លារ ម្ដាយម្ចាស់ម៉ូតូទ្រហោយំលើកដៃសំពះខាងម្ចាស់រថយន្ត បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះអន្តរាគមន៍។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅតាមផ្លូវ៣០ម៉ែត្រ ទល់មុខហាងនំប៉ាវយីហោ “ប៉ាប៉ា ប៉ាវ” ជិតសាលាអន្តរជាតិISPP សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1C-9938 បើកបរដោយយុវជនម្នាក់ បានធ្វើដំណើរមកតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកម៉ាសស្ដា(Mazda) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-1609 កំពុងធ្វើដំណើរបណ្ដោយផ្លូវ៣០ម៉ែត្រ ស្រាប់តែបត់ឆ្វេងត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យយុវជនខាងលើ អកហ្សឺ ចាប់ហ្វ្រាំងទាំងបង្ខំ បណ្ដាលឲ្យម៉ូតូដួលបោកផ្ទប់ទ្វាររថយន្តចំហៀងខាងស្ដាំតែម្ដង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយក៏ឃើញមានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ ហើយធ្វើការបាញ់គំនូស រួចយករថយន្តនិងម៉ូតូអែបខាង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា តែពេលនោះជនរងគ្រោះបានទាក់ទងទៅរកម្ដាយ ដើម្បីឲ្យជួយចុះមកសម្រួលជាមួយម្ចាស់រថយន្តផងដែរ។

    មួយសន្ទុះក្រោយមក គេក៏ឃើញម្ដាយរបស់ម្ចាស់ម៉ូតូ បានដើរមកដល់កន្លែងកើតហេតុសួរនាំរឿងហេតុ និងមានខាងក្រុមហ៊ុនធានារ៉ាប់រង FORTE ចុះមកជួយសម្របសម្រួល ដោយម្ចាស់រថយន្តក៏បានទូរស័ព្ទទៅសួរជាងជួសជុលរថយន្ត ដើម្បីវាយតម្លៃការខូចខាត តើការខូចខាតរថយន្តប៉ុណ្ណឹង ត្រូវជួសជុលអស់ប៉ុន្មាន លុះជាងប្រាប់ថា អស់១៥០០ដុល្លារ ស្រាប់តែម្ដាយម្ចាស់ម៉ូតូ យំរៀបរាប់ទាំងទឹកភ្នែក និងលើកដៃសំពះដល់ម្ចាស់រថយន្តថា គាត់គ្មានលទ្ធភាពទេ ១៥០០ដុល្លារ គាត់មិនដឹងទៅរកលុយឯណាសងម្ចាស់រថយន្តទេ ដោយនៅក្នុងខ្លួនរបស់គាត់មានតែ១០ម៉ឺនរៀលប៉ុណ្ណោះ តែម្ចាស់រថយន្តមិនព្រមស្តាប់ នូវពាក្យអង្វរកររបស់ម្ដាយម្ចាស់ម៉ូតូឡើយ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ បន្ទាប់ពីមានការសម្របសម្រួលពីខាងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ខាងរថយន្តបត់ឆ្លងផ្លូវត្រលប់ក្រោយ អាចទាមទារសំណងចំនួន៣០០ដុល្លារ ពីខាងម៉ូតូដែលជិះផ្លូវត្រង់ចាប់ហ្វ្រាំងដួលបោករថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ទាំងដែលខាងម្ដាយម្ចាស់ម៉ូតូហួសចិត្ត ហេតុអ្វីកូនគាត់ត្រូវសងទៅកាន់រថយន្តដែលបត់ឆ្លងកាត់ផ្លូវត្រលប់ក្រោយដូច្នេះទៅវិញ ៕

    ដោយ៖​ បងម៉េង ខ្មែរណូត

    Share This Post: