បុរសម្នាក់បើករថយន្ត PRIUS យ៉ាងលឿនជ្រុលបុកផ្ទប់រង្វង់មូលវិមានឯករាជ្យ បណ្ដាលឱ្យខូចខាតខឿនអាងទឹកអស់ជាច្រើន
រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត TOYOYA PRIUS ក្នុងល្បឿនលឿន សង្ស័យរវល់ចុចទូរស័ព្ទក៏ជ្រុលទៅបុកផ្ទប់រង្វង់មូលវិមានឯករាជ្យ បណ្ដាលឱ្យខូចខាតផ្នូរបុព្វបុរសអស់ចំនួន២ និងខឿនអាងទឹកខូចខាតយ៉ាងដំណំ ចំណែករថយន្តផ្ទុះពោងការពារសុវត្តិភាព ទើបមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ គ្រាន់តែខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួចប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតមានឡើងនៅវេលាម៉ោង០៤៖០២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះនរោត្តម កែងផ្លូវសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលប្រចាំការគោលដៅវិមានឯករាជ្យបានប្រាប់ក្រុមការងារខ្មែរណូតយើងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA-PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-1315 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបើកត្រង់ទៅមុខ ក៏ជ្រុលឡើងខឿនរង្វង់មូលវិមានឯករាជ្យ បណ្ដាលឱ្យខូចខាតបាក់បែកផ្នូរបុព្វបុរស អស់ចំនួនពីរ ចំណែករថយន្តបង្កបុកផ្ទប់ជាប់ខឿនអាងទឹកវិមានឯករាជ្យ បណ្ដាលខូចខាតយ៉ាងដំណាំ និងផ្ទុះពោងការពារសុវត្តិភាព ទើបមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះទេ គ្រាន់តែខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួចប៉ុណ្ណោះ។ ភ្លាមៗនោះកម្លាំងនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅរង្វង់មូលមានឯករាជ្យ បានធ្វើការឃាត់អ្នកបើកបររថយន្តបានភ្លាមៗផងដែរ ។
ប្រភពពីប្រជាពលរដ្ឋដែលជិះកង់ហាត់ប្រាណបានបង្ហើបប្រាប់ថា នៅវេលាម៉ោងកើតហេតុស្ថានភាពផ្លូវទូលាយ និងមិនសូវមានយានយន្តដទៃទៀតធ្វើដំណើរច្រើនទេ តែសង្ស័យអ្នកបើកបរ ប្រើប្រាស់ទូរស័ព្ទ ហើយភ្លេចមើលទៅមុខ ទើបបើករថយន្តទៅត្រង់បុករង្វង់មូលវិមានឯករាជ្យតែម្ដង។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ដែលប្រចាំការគោលដៅ វិមានឯករាជ្យ បានរាយការណ៍ប្រាប់ខាងសមត្ថកិច្ចជំនាញ ចុះមកស្ទូចយករថយន្តខាងលើយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕












ដោយ៖ បងម៉េង ខ្មែរណូត