វៀតណាមសម្រេចបិទខេត្តមួយដែលមានពលរដ្ឋ ២លាននាក់រស់នៅ ក្រោយជំងឺកូវីដ ១៩ បំប្លែងខ្លួនកំពុងរាតត្បាតខ្លាំងនៅតំបន់ភាគខាងជើងប្រទេស
វៀតណាម៖ ពលរដ្ឋវៀតណាមប្រមាណជា ២ លាននាក់នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការរឹតបន្តឹងកម្រិតខ្ពស់បំផុតចាប់ពីថ្ងៃអង្គារ ទី ១៦ កុម្ភៈនេះតទៅ បន្ទាប់ពីតំបន់ភាគខាងជើងនៃប្រទេសវៀតណាមកំពុងរងនូវការរាតត្បាតខ្លាំងដោយជំងឺកូវីដ ១៩។ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពលរដ្ឋវៀតណាមទាំង ២ លាននាក់នោះគឺជាប្រជាជនរស់នៅក្នុងខេត្ត Hai Duong ហើយតាមបទបញ្ជារបស់អាជ្ញាធរវៀតណាមគឺពួកគេត្រូវសម្ងំនៅក្នុងផ្ទះរយៈពេល ១៥ ថ្ងៃ ឬរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរ។

យ៉ាងណាក្តី ពលរដ្ឋអាចធ្វើដំណើរចេញពីផ្ទះបានក្នុងករណីសំខាន់ៗដូចជា ទៅទិញម្ហូបអាហារ ទៅទិញថ្នាំពេទ្យ ឬទៅបំពេញការងារសម្រាប់រោងចក្រឬក្រុមហ៊ុនមួយចំនួនតូចដែលអាជ្ញាធរតម្រូវឲ្យបើកដំណើរនៅក្នុងអំឡុងពេលនៃរឹតបន្តឹងនេះ។ សម្រាប់ពលរដ្ឋដែលចាំបាច់ត្រូវធ្វើដំណើរចេញពីផ្ទះក៏ត្រូវអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនផងដែរ ហើយពួកគេមិនត្រូវអនុញ្ញាតឲ្យធ្វើការជួបជុំគ្នាក្នុងចំនួនមនុស្សចាប់ពី ២ នាក់ឡើងទៅនោះទេ។
ចំពោះអាជីវកម្មដែលមិនសូវមានភាពចាំបាច់មួយចំនួនដូចជា ខារ៉ាអូខេ ភោជនីយដ្ឋាន បារ កន្លែងផ្តល់សេវាកំសាន្តផ្សេងៗ និងរួមទាំងសាលារៀនផង ដែលបានបិទទ្វារតាំងពីមុនពេលចូលប្រពៃណីវៀតណាមនោះគឺត្រូវបន្តបិទទ្វារទៀតរហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។ គួររម្លឹកជូនថា ចាប់តាំងពីចុងខែមករាមកវៀតណាមបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៦៣៧ ករណី ហើយនៅក្នុងនៅនោះមាន ៤៦១ ករណីត្រូវបានរកឃើញនៅក្នុងខេត្ត Hai Duong តែម្នាក់ឯងប៉ុណ្ណោះ។
អ្វីដែលជារឿងគួរកត់សម្គាល់បំផុតនោះគឺមេរោគនៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនៅវៀតណាមក្នុងពេលនេះគឺមានទាំងមេរោគបំប្លែងខ្លួននៅអង់គ្លេស និងនៅតំបន់អាហ្វ្រិកទៀតផង ដែលមេរោគថ្មីទាំងនេះសុទ្ធតែមានលក្ខណៈឆ្លងឆាប់រហ័សនិងមានគ្រោះថ្នាក់ខ្ពស់ជាងមេរោគជំងឺកូវីដ ១៩ ធម្មតា។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះវៀតណាមមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២ ២៦៩ ករណី និងស្លាប់ចំនួន ៣៥ ករណី ក្នុងចំណោមពលរដ្ឋសរុប ៩៥ លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍