បុរសម្នាក់បើកម៉ូតូយ៉ាងលឿនដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវទៅខ្ទាតបោកនឹងបង្គោលភ្លើង បណ្ដាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែង
រាជធានីភ្នំពេញ៖ បងស្រីយំឱបសពប្អូនប្រុសដ៏ល្អរបស់ខ្លួនដែលស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូ Scoopy ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ជ្រុលទៅបុកខឿនពុះចែកផ្លូវ បណ្ដាលឲ្យខ្ទាតបោកនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ ចំណែកឯម៉ូតូដួលអូសនឹងថ្នល់ជាច្រើនម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ កាលពីម៉ោង០៣៖០៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតនៅតាមផ្លូវវេងស្រេង ជិតបន្ទាយអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គុយ វាសនា អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងបុរីសន្តិភាព២ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាស្គូពី (Honda Scoopy) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IL-8257 ។ ប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូធ្វើដំណើរ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុដោយ ស្ថានភាពផ្លូវកោង ក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង ផ្លោងបោកផ្ទប់បង្គោលភ្លើង បណ្ដាលស្លាប់ភ្លាមៗ។
បើតាមសម្ដីបុរសជាឪពុកបានអោយដឹងថា កូនរបស់គាត់មិនដែលដើរលេងយប់ទេ តែយប់កើតហេតុនេះ បានសុំគាត់និងអ្នកផ្ទះទៅកម្មវិធីជប់លៀងជាមួយមិត្តភ័ក្ត លុះត្រលប់មកវិញ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ចោលគាត់ទាំងវ័យក្មេងដូច្នេះទៅវិញ គាត់ពិតជាអាណិតកូនណាស់។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ជូនវិញ ៕






ដោយ៖ បងម៉េង ខ្មែរណូត