អគ្គិភ័យបានឆាបឆេះឃ្លាំងស្កុកដំឡូងមីដ៏ធំមួយនៅប្រទេសថៃ បង្កឲ្យមានមនុស្ស ៤ នាក់រងរបួស និងដុតបំផ្លាញដំឡូងមីរាប់ពាន់តោន
ថៃ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្កុកមើមដំឡូងមីដ៏ធំមួយនៅឯខេត្តអយុធ្យា ប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ឃ្លាំងស្កុងដំឡូងដ៏ធំមួយនេះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Sap Sathaporn Co និងមានទីតាំងនៅក្បែរមាត់ទន្លេនៃខេត្តអយុធ្យា។ អំឡុងពេលកើតមានហេតុការណ៍នេះ អាជ្ញាធរថៃបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងក្រុមអ្នកសង្គ្រោះបន្ទាន់ប្រមាណជា ៣០នាក់ ហើយគេក៏បានមូមទឹកទន្លេនៅក្បែរនោះនៅដើម្បីពន្លត់ភ្លើងផងដែរ ខណៈការពន្លត់អគ្គិភ័យនោះត្រូវប្រើប្រាស់ពេលវេលារហូតដល់យប់ជ្រៅ។

បើតាមការបញ្ជាក់របស់អាជ្ញាធរប្រចាំតំបន់កើតហេតុខាងលើនេះបានឲ្យដឹងថា អគ្គិភ័យបានដុតបំផ្លាញដំឡូងមីស្ងួតប្រមាណជា ២ ០០០ តោន បង្កឲ្យមានមនុស្សចំនួន ៤ នាក់រងរបួស ប៉ុន្តែមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេនៅក្នុងហេតុការណ៍នេះ។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះ អាជ្ញាធរក៏នៅតែបន្តតាមដានករណីបន្ថែមទៀត ព្រោះគេបារម្ភថា ផ្សែងដែលបានភាយចេញពីការឆេះដំឡូងនៅក្នុងឃ្លាំងអាចបង្កឲ្យមានបញ្ហាផ្សេងៗជាច្រើនទៀត ជាពិសេសបញ្ហាសុខភាពចំពោះពលរដ្ឋដែលរស់នៅក្បែរតំបន់កើតហេតុនោះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍