ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    នារីរូបស្រស់បើករថយន្ត LEXUS ក្នុងសភាពលឿន បានរេចង្កូតទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើ បណ្ដាលឲ្យបាក់បែកនិងខូចខាតរថយន្តយ៉ាងដំណំ

    BY Khmernote Media February 17, 2021
    នារីរូបស្រស់បើករថយន្ត LEXUS ក្នុងសភាពលឿន បានរេចង្កូតទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើ បណ្ដាលឲ្យបាក់បែកនិងខូចខាតរថយន្តយ៉ាងដំណំ

    រាជធានីភ្នំពេញ៖ រថយន្ត LEXUS RX300 មួយគ្រឿង ដែលគេដឹងថាបើកបរដោយនារីម្នាក់ធ្វើដំណើរក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើបណ្ដាលបាក់បែក ឯរថយន្តបែកកង់ទាំងសងខាងនិងកាងយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ខាងជើងសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត LEXUS RX 300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-4644 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើនិងដើមឈើបណ្ដាលឲ្យរងការបាក់បែកថ្មមួយចំនួន ចំណែករថយន្តបង្កបែកកង់ខាងទាំងសងខាងព្រមទាំងកាងយ៉ាងដំណំ និងទៅមុខលែងរួចផងដែរ។

    បន្ទាប់ក្រោយមក តៃកុងរថយន្តបង្កបានចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ រីឯសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: