ថៃមានករណីគ្រូពេទ្យម្នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ ១៩ ជាលើកដំបូង
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍អំពីករណីមានគ្រូពេទ្យម្នាក់បានស្លាប់ដោយសាជំងឺកូវីដ ១៩ ជាលើកដំបូងបំផុតក្នុងប្រទេសរបស់ខ្លួន រាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ ១៩ ជាង ១ ឆ្នាំមកនេះ។ បើយោងតាមសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពេទ្យដែលបានស្លាប់បាត់បង់ជីវិតនេះមានឈ្មោះថា Panya Hanphanitphan ភេទប្រុស ហើយរូបគាត់គឺជាវេជ្ជបណ្ឌិតប្រចាំនៅក្នុងគ្លីនិកសុខភាពមួយកន្លែងនៅក្នុងខេត្ត Maha Sarakham ភាគខាងជើងនៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា កាលពីអំឡុងខែមករាកន្លងទៅនេះមានអ្នកជំងឺ ៣ នាក់បានទៅព្យាបាលជំងឺនៅក្នុងគ្លីនិករបស់គាត់ ហើយក្រោយមកទើបគេបានរកឃើញថា អ្នកជំងឺទាំង ៣ នាក់នោះវិជ្ជមានជំងឺកូវីដ ១៩។

ភ្លាមៗក្រោយការរកឃើញនេះលោកវេជ្ជបណ្ឌិត Panya Hanphanitphan បានសម្រេចបិទគ្លីនិករបស់គាត់ជាបន្ទាន់ ហើយរូបគាត់ក៏បានប្រញាប់ទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ផងដែរ តែលទ្ធគឺអវិជ្ជមាន។ ក្រោយមកនៅក្នុងថ្ងៃទី ១ កុម្ភៈគាត់ក៏បានទៅតេស្តម្តងទៀតទើបបានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ ហើយរូបគាត់ក៏ត្រូវបានបញ្ជូនជាបន្ទាន់ដើម្បីទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ យ៉ាងណាក្តី សុខភាពរបស់លោកវេជ្ជបណ្ឌិតបានធ្លាក់ចុះខ្លាំងណាស់ក្រោយបានឆ្លងជំងឺកូវីដ ១៩ ហើយដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរបស់គាត់បានលោកវេជ្ជបណ្ឌិតក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅនេះតែម្តង៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger