ហ៊ានណាស់! ចោរម្នាក់ចូលទៅភ្ជង់ប្លន់អ្នកកាសែត និងអ្នកកាន់កាមេរ៉ា ដែលកំពុងរាយការណ៍ព័ត៌មានផ្សាយផ្ទាល់តាមទូរទស្សន៍ (មានវីដេអូ)
អេក្វាឌ័រ៖ អ្នកកាសែតម្នាក់និងអ្នកកាន់កាមេរ៉ាម្នាក់ត្រូវបានចោរយកកាំភ្លើងខ្លីទៅភ្ជង់ប្លន់យកទ្រព្យសម្បត្តិ ខណៈពួកគាត់កំពុងតែធ្វើសេចក្តីរាយការណ៍ផ្ទាល់តាមបណ្តាញទូរទស្សន៍និងមានអ្នកទស្សនារាប់ម៉ឺននាក់។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតនៅម៉ោង ១ ថ្ងៃត្រង់ ស្ថិតនៅមុខកីឡដ្ឋាន Monumental ក្នុងទីក្រុង Guayaquil នៃប្រទេសអេក្វាឌ័រ ខណៈអ្នកកាសែតដែលត្រូវបានចោរប្លន់នោះមានឈ្មោះថា Diego Ordinola ហើយរូបគាត់គឺជាអ្នករាយការណ៍ព្រឹត្តិការណ៍កីឡាដ៏ល្បីល្បាញបំផុតមួយរូបប្រចាំប្រទេសអេក្វាឌ័រ។

តាមរយៈវីដេអូបានបង្ហាញថា ចោរបានធ្វើសកម្មភាពតែម្នាក់ឯងដោយពេលមកធ្វើសកម្មភាពនោះចោរបានពាក់មួកនិងម៉ាស់ ដែលធ្វើឲ្យគេមិនអាចកំណត់អត្តសញ្ញាណបាននោះទេ។ ពេលធ្វើសកម្មភាពប្លន់យកទូរស័ព្ទពីអ្នកកាន់កាមេរ៉ារួចចោរបានជិះឡើងជិះម៉ូតូទៅបាត់ដោយសុវត្ថិភាព ខណៈដែលអ្នកកាន់កាមេរ៉ាបានត្រឹមតែថតសកម្មភាពពីក្រោយខ្នងចោរតែប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអេក្វាឌ័រនៅមិនទាន់អាចបង្ហាញពីតម្រុយណាមួយក្នុងការតាមចាប់ខ្លួនចោរនោះទេ ខណៈសាធារណៈជនបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការកើតមានហេតុកាណ៍ប្លន់ទាំងកណ្តាលថ្ងៃត្រង់និងថែមទាំងកំពុងផ្សាយផ្ទាល់តាមទូរទស្សន៍ដូចនេះទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz