រថយន្តដឹកសត្វកណ្ដុរ បើកលឿនដាច់ហ្វ្រាំងបុករះរថយន្ត ២គ្រឿង និងម៉ូតូ១ គ្រឿងទៀត បណ្ដាលឲ្យរងរបួសស្រាលម្នាក់
រាជធានីភ្នំពេញ៖ រថយន្តដឹកសត្វកណ្ដុរ បើកលឿនដាច់ហ្វ្រាំងបុករះរថយន្ត២គ្រឿងម៉ូតូ១ គ្រឿងបណ្តាលអោយរបួសស្រាលមនុស្សម្នាក់ សំណាងល្អ មុនម៉ោងសិស្សចេញពីសាលាបន្តិច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤៖៤០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ កែងនិងផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-6226 បើកបរតាមបណ្តោយផ្លូវបេតុង ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9040 ដឹកសត្វកណ្ដុរបើកមកពីក្រោយ លឿនជាន់ហ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តកូរ៉ូឡា ពីក្រោយចំហៀងខាងស្ដាំបណ្ដាលឱ្យបាក់កញ្ចក់មើលក្រោយ ពេលនោះរថយន្តបង្កមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករថយន្តម៉ាកនីសាន់ និងម៉ូតូមួយហុងដាឌ្រីមសង់មួយគ្រឿងទៀតដែរឈប់រង់ចាំស្តុបបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាល និងរថយន្តរងការខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេងផងដែរ។
តាមសម្ដីអ្នកបើកបររថយន្តម៉ាកហីយ៉ាន់ដាយដឹកសត្វកណ្ដុរ បានប្រាប់សមត្ថកិច្ចថា ខ្លួនបានបើករថយន្ដដឹកសត្វកណ្ដុរពីខេត្តកំពង់ធំទៅចូលទៅប្រទេសវៀតណាមតាមច្រកជ្រៃធំ ស្រាប់តែបើកសុខមកដល់ចំណុចកើតហេតុជាន់ហ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តកូរ៉ូឡានិងរថយន្តម៉ាកហ៊ីយ៉ានដាយរួមហ្នឹងម៉ូតូតែម្ដងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅគូសវាសយករថយន្តទាំងសងខាងមកដាក់អែបគៀនដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ រួចក៏ឲ្យភាគីខាងរថយន្តនិងម៉ូតូចចារគ្នា ពេលនោះរថយន្តដឹកសត្វកណ្ដុរក៏ព្រមសងសំណងទៅខាងម៉ូតូចំនួន 50 ដុល្លារ ចំណែករថយន្ត២គ្រឿងទៀតដោយសារតែរកការខូចខាតច្រើនចរចាគ្នាមិនត្រូវ សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យក៏បានប្រគល់រថយន្តទាំង៣គ្រឿង រួមនិងអ្នកបើកបររថយន្តទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕











ដោយ៖ បងម៉េង ខ្មែរណូត