មហាសំណាង! យន្តហោះមួយគ្រឿងដឹកមនុស្សជាង២០០នាក់ ស្រាប់តែឆាបឆេះម៉ាស៊ីនមួយចំហៀង ហើយជ្រុះធ្លាក់បំណែកត្រូវផ្ទះប្រជាពលរដ្ឋ សំណាងចុះចតដោយសុវត្ថិភាព (មានវីដេអូ)
អាមេរិក៖ ម៉ាស៊ីននៅស្លាបយន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆេះខណៈដែលយន្តហោះកំពុងធ្វើហោះហើរនៅលើអាកាសក្នុងកម្ពស់ប្រមាណជា ៤ ៥៧០ ម៉ែត្រ ហើយបំណែកនៃម៉ាស៊ីនយន្តហោះដែលបានឆេះនោះក៏បានធ្លាក់មកក្បែរផ្ទះប្រជាពលរដ្ឋទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះជាប្រភេទយន្តហោះ Boeing 777-200 របស់ក្រុមហ៊ុនអាកាចរណ៍ The United Airlines ហើយហេតុករណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ ប្រភពបានបន្តថា ឧបទ្ទវហេតុនេះបានកើតឡើងក្រោយពេលយន្តហោះបានធ្វើការហោះហើរត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ខណៈនៅលើយន្តហោះមានផ្ទុកអ្នកដំណើរចំនួន ២៣១ នាក់ និងក្រុមការងារបម្រើការងារនៅលើយន្តចំនួន ១០ នាក់ផងដែរ។

អាជ្ញាធរប្រចាំតំបន់កើតហេតុខាងលើអះអាងថា បំណែកនៃម៉ាស៊ីនយន្តហោះដែលធ្លាក់ចុះមកនោះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់ទេ ហើយយន្តហោះក៏បានចុះចតវិញនិងជួយសង្គ្រោះបានទាន់ពេលវេលា ទើបហេតុការណ៍នេះមិនបានបង្កឲ្យមានអ្នកដំណើរណាម្នាក់ត្រូវរងរបួសនោះទេ។ យ៉ាណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុចម្បងដែលបង្កឲ្យមានឧប្បត្តិហេតុនេះកើតឡើងនោះទេ ខណៈការសិក្សានិងស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូនិងរូបភាពដូចខាងក្រោម៖







អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail