បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត Prius កំពុងឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យបាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ
រាជធានីភ្នំពេញ៖ សោកស្ដាយណាស់! បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋម និងហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះជីវិតដែរ តែអកុសលពេលទៅដល់មន្ទីរពេទ្យឯកជនសួគ៌ា ក៏បានដាច់ខ្យល់ស្លាប់ចោលប្រពន្ធនិងកូនគួរឲ្យអាសូរ បន្ទាប់ពីជិះម៉ូតូ Scoopy យ៉ាងលឿន ទៅបុករថយន្ត TOYOYA PRIUS បត់ឆ្វេងត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បានពាក់កណ្តាលផ្លូវពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់ចូលក្រោមរថយន្ត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៩៖២០នាទីយប់ ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ មុខច្រកចូលបុរីរតនា ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ ច័ន្ទ ប៊ុនណា អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA ស្នាក់នៅបុរីពិភពថ្មី ផ្ទះលេខ៦៧សេ ផ្លូវសូនី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើត នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ការស្លាប់របស់ជនរងគ្រោះបានបន្សល់ទុកមនុស្ស៤នាក់ត្រូវកំព្រា មានស្ត្រីជាភរិយានិងកូនប្រុសស្រី៣នាក់ស្នាក់នៅក្នុងបន្ទុក។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 បើកបរដោយបុរសម្នាក់ និងមានកូនប្រុសស្រីតូចៗ៣នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ទល់មុខច្រកចូលបុរីរតនា បានបើកបត់ឆ្វេងបំណងបត់ត្រលប់ក្រោយ បានពាក់កណ្ដាលផ្លូវកាត់ទទឹងផ្លូវជាតិលេខ២ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាស្កុបពី (Honda Scoopy) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI-2612 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានជ្រុលបុករថយន្ត PRIUS ខាងលើចំពីចំហៀងពេញទំហឹង បោកផ្ទប់រថយន្ត បណ្ដាលឲ្យម្ចាស់ម៉ូតូចូលក្រោមរថយន្តរងរបួសធ្ងន់ ដោយឃើញសភាពមិនស្រួល និងកូនៗភ័យផងយំផង ក៏នាំកូនៗឡើងជិះកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ទៅ ។
ចំណែកឯម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីក្រោមរថយន្តមកខាងក្រៅជួយសង្គ្រោះបឋមសិន និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ហៅរថយន្តសង្គ្រោះគ្លីនិកឯកជន សួគ៌ា មកដឹកយកទៅសង្គ្រោះជីវិតដែរ តែពេលទៅដល់មន្ទីរសម្រាកព្យាបាល សួគ៌ា ក្រុមគ្រូពេទ្យក៏ព្យាយាមអស់លទ្ធភាពដែរ ជាអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះពេកក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរសម្រាកព្យាបាល សួគ៌ា តែម្ដង។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានសហការជាមួយសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕








ដោយ៖ បងម៉េង ខ្មែរណូត