ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះថៃចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិនហើយ ខណៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ ជាអ្នកចាក់វ៉ាក់សាំងដំបូងគេ

    BY Pheakdey March 1, 2021
    ថ្ងៃនេះថៃចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិនហើយ ខណៈឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ ជាអ្នកចាក់វ៉ាក់សាំងដំបូងគេ

    ថៃ៖ នៅព្រឹកថ្ងៃច័ន្ទ ទី0១ ខែមីនានេះប្រទេសថៃបានផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩  ជូនពលរដ្ឋរបស់ខ្លួនហើយ ខណៈគេបានមើលឃើញថា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈគឺលោក Anutin Charnvirakul បានក្លាយជាពលរដ្ឋថៃដំបូងគេបង្អស់ដែលត្រូវចាក់វ៉ាក់សាំងនេះផងដែរ។ បើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា នៅក្នុងដំណាក់កាលដំបូងនេះវ៉ាក់សាំងនឹងត្រូវចាក់ជូនក្រុមពលរដ្ឋដែលមានអទិភាពនៅក្នុងខេត្ត-ក្រុងចំនួន ១៨ រួមមានក្រុង Bangkok ខេត្ត Samut Sakhon, Samut Prakan, Samut Songkhram, Nonthaburi, Nakhon Pathom, Pathum Thani, Tak, Ratchaburi, Chon Buri, Phuket, Koh Samui district of Surat Thani, Chiang Mai, Rayong, Chanthaburi, Trat, Phetchaburi និងខេត្ត Krabi។

    សូមបញ្ជាក់ជូនថា វ៉ាក់សាំងដែលអាជ្ញាធរសុខាភិបាលថៃនឹងចាក់ជូនពលរដ្ឋនៅពេលនេះគឺមាន ២ ប្រភេទ ដោយក្នុងនោះមានវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ចំនួន ២០០ ០០០ ដូស និងវ៉ាក់សាំង AstraZeneca របស់ប្រទេសអង់គ្លេសមានចំនួន ១១៧ ៦០០ ដូស។ តាមគម្រោងថៃនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនចិនចំនួន ៨០០ ០០០ ដូសប​ន្ថែមទៀតនៅក្នុងខែចុងមីនានេះ និងវ៉ាក់សាំងចំនួន ១ លានដូសផ្សេងទៀតនឹងត្រូវទទួលបាននៅក្នុងខែមេសា។ ដោយឡែកនៅក្នុងអំឡុងខែឧសភានិងមិថុនាឆ្នាំ ២០២១ នេះក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃក៏ត្រូវបានគេរំពឹងថា អាចនឹងមានសមត្ថភាពផលិតវ៉ាក់សាំងប្រភេទ AstraZeneca បានចំនួន ៣៥ លានដូសផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: