ប៉ូលិសជំនាញថៃរឹបអូសគ្រឿងញៀនជិត ១ ពាន់គីឡូក្រាម ដែលជនខិលខូចរត់ពន្ធតាមទន្លេមេគង្គ
ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប៉ូលិសជំនាញថៃរឹបអូសបានគ្រឿងញៀនជិត ១ ពាន់គីឡូក្រាម ដែលជនខិលខូចបានមានបំណងរត់ពន្ធពីប្រទេសឡាវចូលមកកាន់ប្រទេសថៃតាមច្រកទន្លេមេគង្គ។ ប្រភពខាងលើបាបន្តថា ប្រតិបត្តិការណ៍បង្ក្រាបករណីរត់ពន្ធគ្រឿងញៀននេះបានធ្វើឡើងនៅម៉ោង ៤ ទៀបភ្លឺ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ ដោយ ជនខិលខូចបានប្រើប្រាស់កាណូតដឹកទំនិញធំមួយសម្រាប់ធ្វើជាមធ្យោបាយក្នុងការដឹកជញ្ជូនគ្រឿងញៀន។ តាមការស៊ើបអង្កេតគឺកាណូតមួយគ្រឿងនេះបានបើកចេញពីតំបន់ភាគខាងជើងប្រទេសឡាវនិងមានបំណងចង់ចូលក្នុងទឹកដីថៃតាមរយៈខេត្ត Surat Thani ដែលជាតំបន់ព្រំដែនប្រទេសឡាវនិងប្រទេសថៃ។
អាជ្ញាធរថៃបានឲ្យដឹងថា មុនពេលប៉ូលិសចូលទៅត្រួតពិនិត្យនៅលើកាណូតក្រុមជនខិលខូចបានលោតចេញពីកាណូតនិងបានបន្តឡើងជិះទូកតូចៗគេចខ្លួនបាត់ដោយបានបន្សល់ទុកគ្រឿងញៀនចំនួន ២៣ បាវនៅលើកាណូតនោះ។ នៅក្នុងបាវនីមួយៗមានផ្ទុកនូវកញ្ឆាក្រៀមជាច្រើនប្រភេទនិងមានទម្ងន់សរុបចំនួន ៩២០ គីឡូក្រាម។ អាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា នេះគឺជាករណីរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំមួយ ហើយពេលនេះប៉ូលិសជំនាញថៃកំពុងបន្តការស៊ើបអង្កេតដើម្បីឈានទៅឃាត់ខ្លួនមេក្លោងធំដែលនៅពីក្រោយករណីនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍