រថយន្តកុងតឺន័រសណ្តោងកន្ទុយបែនដឹកខ្សាច់បុកគ្នាជាមួយរថយន្តហាយឡែនឌ័រ ខ្ទេចរថយន្តទាំងសងខាង ប្រកែកយកត្រូវរៀងខ្លួនផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍
រាធានីភ្នំពេញ ៖ ស្ដែងៗណាស់ មិនដឹងខាងណាបើកបរមិនគោរពភ្លើងស្តុបចរាចរណ៍ ទើបមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តកុងតឺន័រសណ្ដោងកន្ទុយបែនដឹកខ្សាច់ធុនធំ បុកជាមួយរថយន្ត Highlander ពេញទំហឹង តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង០១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣ ខែមិនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបតាលន់ ផ្លូវបំបែកជាបួន លើផ្លូវ២១B កែងផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ភាគីខាងរថយន្តធុនធំ ម៉ាកហ៊ីយ៉ានដាយ (Hyundai) ក្បាលពណ៌លឿង បិទស្លាកសញ្ញា L.M.H ពាក់ស្លាកលេខកំពង់ចាម 3A-7871 និងកន្ទុយសណ្ដោងបែនដឹកខ្សាច់ ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0205 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ចំណែកឯភាគីខាងរថយន្តហាយឡែនឌ័រ (Highlander) ពណ៍ទឹកមាស (គ្មានស្លាកលេខ) ស៊េរីឆ្នាំ២០០៣ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យអ្នកយកព័ត៏មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តហ៊ីយ៉ានដាយ សណ្តោងកន្ទុយកុងតឺន័រខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ទិសដៅពីលិចមកកើត ខណៈពេលឆ្លងកាត់ផ្លូវបំបែកជាបួន ស្តុបតាលន់ កន្លែងកើតហេតុខាងលើ ស្រាប់តែរថយន្តម៉ាកហាយឡិនឌ័រខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១បេ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានមកបុកចំពីមុខចំហៀងខាងស្ដាំរថយន្តសណ្តោងកុងតឺន័រខាងលើពេញទំហឹងតែម្ដង ដោយមិនដឹងថា ស្តុបអទិភាពខាងណានោះទេ បណ្ដាលឲ្យខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង នឹងផ្ទុះបែកពោងសុវត្ថិភាពក្នុងរថយន្ត ទើបមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ គ្រាន់តែដោះស្រាយគ្នាមិនត្រូវ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននគរបាលចរាចរណ៍ក្រុងតាខ្មៅ ចុះមកជួយសម្របសម្រួលនៅកន្លែងកើតហេតុ និងអោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិនផងដែរ ។
ក្រោយពេលកើតហេតុ ដោយសារភាគីទាំងសងខាងប្រកាន់ជំហរត្រូវរៀងខ្លួន ទើបកម្លាំងនគរបាលចរាចរណ៍របស់អធិការដ្ឋានក្រុងតាខ្មៅ បានចុះមកវាស់វែង និងស្ទូចយករថយន្តទាំងសងខាង យកមករក្សាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត