ថៃគ្រោងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ៧-១០ ថ្ងៃ ចំពោះអ្នកដំណើរដែលស្ថិតក្នុងលក្ខខណ្ឌទាំង ៣ នេះ
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃគ្រោងនឹងដាក់សំណើរទៅកាន់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ៧-១០ ថ្ងៃ ដែលវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីខែក្រោយនេះតទៅ។ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាសាធារណៈថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា មូលហេតុនៃការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃវិញ ដែលវាជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ថៃក៏ដូចជាជួយស្រោចស្រង់សេដ្ឋកិច្ចជាតិថៃឲ្យងើបឡើងវិញផងដែរ។

រដ្ឋមន្ត្រីរូបនេះបានបន្តថា ថៃក៏កំពុងតែរៀបចំបើកព្រំដែនប្រទេសជាធម្មតាវិញផងដែរ ព្រោះពេលនេះថៃបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋបានមួយចំនួនហើយ ហើយបើគេអាចចាក់វ៉ាក់សាំងជូនពលរដ្ឋបានកាន់តែច្រើននោះគឺលទ្ធភាពនៃការបើកប្រទេសឡើងវិញក៏មានខ្ពស់ដែរ។
យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានបញ្ជាក់ថា ការកាត់បន្ថយចំនួនថ្ងៃត្រូវធ្វើចត្តាឡីស័កខាងលើនេះនឹងត្រូវអនុវត្តចំពោះអ្នកដំណើរស្ថិតនៅក្នុងលក្ខខណ្ឌចំនួន ៣ ដូចជា៖
-លក្ខខណ្ឌទី ១៖ សម្រាប់អ្នកដំណើរមិនមែនជាជនជាតិថៃ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់ក្នុងចន្លោះពេល ១៤ថ្ងៃ-៣ខែ និងបានធ្វើតេស្តអវិជ្ជមានមុនពេលមកដល់ប្រទេសថៃនឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃ។
-លក្ខខណ្ឌទី ២៖ សម្រាប់អ្នកដំណើរជាជនជាតិថៃនិងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់ក្នុងចន្លោះពេល ១៤ថ្ងៃ-៣ខែ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃ។
-លក្ខខណ្ឌទី ៣៖ សម្រាប់អ្នកដំណើរមិនមែនជាជនជាតិថៃ និងមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តែបានធ្វើតេស្តអវិជ្ជមានមុនមកដល់ប្រទេសថៃនឹងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១០ ថ្ងៃ ខណៈអ្នកដែលស្ថិតនៅក្រៅលក្ខខណ្ឌទាំង ៣នេះ ឬអ្នកដំណើរមកពីតំបន់អាហ្វ្រិកនឹងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃជាធម្មតា៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍