ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងបន្ថែមថ្ងៃឈប់សម្រាករហូតដល់ ៦ ថ្ងៃសម្រាប់ពិធីបុណ្យសង្ក្រានឆ្នាំថ្មីឆ្នាំ ២០២១នេះ ទោះកូវីដមិនទាន់ចប់ក៏ដោយ

    BY Pheakdey March 13, 2021
    ថៃនឹងបន្ថែមថ្ងៃឈប់សម្រាករហូតដល់ ៦ ថ្ងៃសម្រាប់ពិធីបុណ្យសង្ក្រានឆ្នាំថ្មីឆ្នាំ ២០២១នេះ ទោះកូវីដមិនទាន់ចប់ក៏ដោយ

    ថៃ៖ កាលពីសប្តាហ៍មុនរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសរួចហើយថា នឹងមិនលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីថៃឬគេច្រើនហៅថា សង្ក្រានថៃ សម្រាប់ឆ្នាំ ២០២១ នេះទេ បើទោះជាជំងឺកូវីដ ១៩ កំពុងបន្តរាតត្បាតនៅក្នុងខេត្តមួយចំនួនក៏ដោយ។ បន្ថែមពីលើសេចក្តីប្រកាសខាងលើនេះ កាលពីម្សិលមិញ លោក Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ជាក់ទៀតថា ថៃនឹងបន្ថែមថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យសង្ក្រានរហូតដល់ ៦ ថ្ងៃឯណោះ ដោយចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ ខែមេសា។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា គិតមកទល់នឹងពេលនេះព័ត៌មានលម្អិតទាក់ទងនឹងការបន្ថែមថ្ងៃឈប់សម្រាកនិងរបៀបនៃការអបអរឆ្នាំថ្មីក្នុងចំណោមពលរដ្ឋត្រូវបានក្រសួងវប្បធម៌ថៃបញ្ជូនទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ហើយ ដើម្បីឲ្យមជ្ឈមណ្ឌលមួយនេះជួយពិនិត្យនិងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនធ្វើយ៉ាងណាឲ្យមានតុល្យភាពនៃការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនិងការពារការចម្លងជំងឺកូវីដ ១៩ ផងដែរ។

    បើតាមគម្រោងគេនឹងអនុញ្ញាតឲ្យមានការលេងបាញ់ទឹកដាក់គ្នាទៀតផង ខណៈពលរដ្ឋទាំងអស់នឹងតម្រូវឲ្យរក្សាគម្លាតសង្គមជាចាំបាច់។ យ៉ាងណាក្តី ការអនុវត្តវិធានការជាក់លាក់ណាមួយនោះនៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេរហូតមកទល់នឹងពេលនេះ ហើយលក្ខខណ្ឌមួយចំនួនអាចនឹងប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ ១៩។ គួរបញ្ជាក់ជូនថា ការរៀបចំឲ្យមានពិធីសង្ក្រាននេះគឺជាផ្នែកមួយនៃការជួយសង្គ្រោះសេដ្ឋកិច្ចថៃតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅកំសាន្តនៅក្នុងប្រទេសថៃ ដ្បិតវិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទសថៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: