ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីជនជាតិចិនម្នាក់រៀបការមួយឆ្នាំហើយតែអត់មានកូនលុះដល់ពេលទៅពិនិត្យសុខភាពទើបគេរកឃើញថា គាត់មានហ្សែនជាមនុស្សប្រុស

    BY Pheakdey March 13, 2021
    ស្ត្រីជនជាតិចិនម្នាក់រៀបការមួយឆ្នាំហើយតែអត់មានកូនលុះដល់ពេលទៅពិនិត្យសុខភាពទើបគេរកឃើញថា គាត់មានហ្សែនជាមនុស្សប្រុស

    ចិន៖ សារព័ត៌មាន South China Morning post បានចុះផ្សាយអំពីករណីដ៏កម្រមួយគឺមានស្រ្តីជាប្រពន្ធម្នាក់ដែលពុំអាចមានកូនទាល់តែសោះបន្ទាប់ពីរៀបការរួចអស់រយៈ ១២​ ខែ ហើយកាលពីពេលថ្មីៗនេះវេជ្ជបណ្ឌិតបានពិនិត្យរកឃើញថា ការពិតនាងគឺជាមនុស្សប្រុស។ ករណីចម្លែកនេះបានកើតឡើងចំពោះស្រ្តីជនជាតិចិនម្នាក់អាយុ ២៥ ឆ្នាំដោយអត្ថសញ្ញាណពិតប្រាកដរបស់គាត់មិនត្រូវបានគេបង្ហាញឡើយដើម្បីរក្សាកិត្តិយសឲ្យគាត់ តែក្រុមអ្នកសារព័ត៌មានដាក់ឈ្មោះក្រៅឲ្យគាត់ថា Pingping ដើម្បីងាយស្រួលហៅឈ្មោះគាត់ក្នុងពេលសរសេអត្ថបទអំពីគាត់។ ប្រភពខាងលើបានបន្តថា អ្នកនាង Pingping បានកើតនិងរស់នៅក្នុងតំបន់ដាច់ស្រយាលមួយស្ថិតនៅភាគខាងលិចនៃប្រទសចិន ជាទីកន្លែងដែលពុំមានកម្មវិធីអប់រំអំពីបញ្ហាសុខភាពផ្លូវភេទទូលំទូលាយនោះទេ ហើយសូម្បីតែការពិភាក្សាអំពីបញ្ហានេះនៅក្នុងចំណោមមិត្តភក្តិឬសាច់សញាតិជាមនុស្សស្រីក៏មិនសូវកើតមានដែរព្រោះគេគិតថា វាជារឿងមិនសមរម្យ។ អ្នកនាង Pingping បានរៀបការរួច ១២ ខែមកហើយតែគាត់មិនអាចមានកូនទាល់តែសោះ ហើយគាត់ក៏មិនដែលបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដែរ។

    យ៉ាងណាក្តី កាលពីពេល ថ្មីៗនេះគាត់មានបញ្ហាឈឺកែងជើងខ្លាំងទើបសម្រេចទៅពិនិត្យនៅមន្ទីរពេទ្យ ហើយតាមរយៈការពិនិត្យនោះបានធ្វើឲ្យវេជ្ជបណ្ឌិតមានចម្ងល់ជាខ្លាំងព្រោះតែឆ្អឹងជើងរបស់គាត់មានលក្ខណៈដូចឆ្អឹងរបស់មនុស្សប្រុសដែរ។ដោយមានការសង្ស័យ វេជ្ជបណ្ឌិតបានសុំការអនុញ្ញាតពីអ្នកនាង Pingping ដើម្បីសិក្សាលម្អិតពីរាងកាយរបស់គាត់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញគាត់មានជំងឺ Congenital Adrenal Hyperplasia តាំងពីដំណើត ដែលជំងឺប្រភេទបានធ្វើឲ្យឈាម អ័រម៉ូន និងសរីរាង្គនៅខាងក្នុងខ្លួនមនុស្សលូតលាស់ខុសប្រត្រតី។ ក្រុមវេជ្ជបណ្ឌិតចិនបានពន្យល់ថា អ្នកនាង Pingping កើតមកមានអវយវៈភេទជាមនុស្សស្រី តែអ័រម៉ូននិងសរីរាង្គនៅខាងក្នុងខ្លួនរបស់គាត់គឺជាមនុស្សប្រុស ហើយជាក់ស្តែងគាត់មានហ្សែនប្រភេទ 46,XY ដែលជាហ្សែនរបស់មនុស្សប្រុស ១០០%តែម្តង។ ក្រុមវេជ្ជបណ្ឌិតបានបន្តទៀតថា អ្នកនាង Pingping ពុំធ្លាប់មានរដូវឡើយ ហើយគាត់ក៏មិនអាចមានកូនបានដែរនៅក្នុងមួយជីវិតនេះ។ ក្រោយការរកឃើញនេះ អ្នកនាង Pingping បានសារភាពថា គាត់ពិតជាមិនធ្លាប់មានរដូវមែន ហើយកាលពីតូចម្តាយរបស់គាត់ធ្លាប់នាំគាត់ទៅជួបគ្រូពេទ្យដើម្បីពិភាក្សាអំពីរឿងនេះដែរ តែពេលនោះពេទ្យបានប្រាប់ថា គាត់អាចនឹងមានរដូវយឺតជាងមនុស្សស្រីធម្មតាតែគាត់គ្មានជំងឺអ្វីនោះទេ។ ចាប់តាំងពីពេលនោះមកអ្នកនាង Pingping ក៏មិនបានចាប់អារម្មណ៍អំពីរឿងនេះនិងយកបញ្ហានេះទៅពិភាក្សាជាមួយណាម្នាក់ដែរ រហូតដល់គាត់បានរៀបការជាមួយនឹងមនុស្សប្រុសម្នាក់ ហើយថ្មីៗនេះទើបគេបានរកឃើញអាថ៌កំបាំងក្នុងរាងកាយរបស់គាត់ដ៏មិនគួរឲ្យជឿនេះតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning post

     

    Share This Post: