ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យោធាមីយ៉ាន់ម៉ាប្រកាសប្រើច្បាប់អាជ្ញាសឹកបន្ទាប់ពីបានបាញ់សម្លាប់បាតុករចំនួន ៣៨ នាក់និងស្របពេលដែលរោងចក្រចិនជាច្រើនត្រូវបានដុតបំផ្លាញ

    BY Pheakdey March 15, 2021
    យោធាមីយ៉ាន់ម៉ាប្រកាសប្រើច្បាប់អាជ្ញាសឹកបន្ទាប់ពីបានបាញ់សម្លាប់បាតុករចំនួន ៣៨ នាក់និងស្របពេលដែលរោងចក្រចិនជាច្រើនត្រូវបានដុតបំផ្លាញ

    មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៣៨ នាក់ត្រូវបានក្រុមយោធាបាញ់សម្លាប់កាលពីថ្ងៃអាទិត្យទី ១៤ មីនា ម្សិលមិញនេះ ហើយនេះគឺជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតផងដែរ រាប់ចាប់តាំងក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់របបដឹកនាំស៊ីវិលមក។  បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ក្រៅតែពីមានចំនួនអ្នកស្លាប់ដ៏ច្រើននេះគេក៏បានប្រទះឃើញមានរោងចក្ររបស់ចិនមួយចំនួនត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅផងដែរ។ ភ្លាមៗក្រោយកើតមានហេតុការណ៍ខាងលើនេះ របបសឹកមីយ៉ាន់ម៉ាបានប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ដែលមានការតវ៉ាដោយហឹង្សាខ្លាំងចំនួន ៦ កន្លែងផងដែរ ហើយកន្លែងដែលជាចំណុចរសើបជាងគេនោះគឺតំបន់ Hlaing Tharyar និង តំបន់ Shwepyitha ដែលស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គោន។

    សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា ការអនុវត្តច្បាប់អាជ្ញារសឹកនេះមិនមែនជារឿងល្អសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ានោះទេ ពោលគឺវាអាចធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បន្ថែមទៀតត្រូវស្លាប់បាត់បង់ជីវិតដោយគ្រាប់កាំភ្លើងរបស់ក្រុមយោធាផងដែរ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះមានសកម្មជននិងក្រុមអ្នកការពារសិទ្ធមនុស្សមីយ៉ាន់ម៉ាប្រមាណជា ១០០​ នាក់ហើយបានស្លាប់បាត់បង់ជីវិតក្នុងការប្រឆាំងតវ៉ាជាមួយនឹងក្រុមយោធា ហើយបើទោះជាចំនួនអ្នកស្លាប់បន្តកើនឡើងក្តីតែកម្លាំងនៃការចូលរួមតវ៉ាពីសំណាក់ប្រជាពលរដ្ឋហាក់កើនឡើងរាល់ថ្ងៃផងដែរ​ ខណៈក្រុមយោធាបានប្រកាសហើយថា នឹងប្រើគ្រប់វិធីដើម្បីបង្រ្កាបក្រុមបាតុករដោយមិនញញើតដៃនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN 

    Share This Post: