ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនលេងសើចទេ! បុរសម្នាក់នៅម៉ាឡេស៊ីត្រូវផាកពិន័យរាប់ពាន់ដុល្លារ ដោយសារទាញម៉ាស់មកពាក់ត្រឹមចង្កា

    BY Pheakdey March 16, 2021
    មិនមែនលេងសើចទេ! បុរសម្នាក់នៅម៉ាឡេស៊ីត្រូវផាកពិន័យរាប់ពាន់ដុល្លារ ដោយសារទាញម៉ាស់មកពាក់ត្រឹមចង្កា

    ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ម៉ាឡេស៊ីបាន អនុវត្តច្បាប់យ៉ាងតឹងរឹងជាច្រើនដើម្បីគ្រប់គ្រងមិនឲ្យអ្នកជំងឺអាចចម្លងមេរោគបន្តទៅគេទៀត និងដើម្បីគ្រប់គ្រងពលរដ្ឋទូទៅឲ្យចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនផង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានពលរដ្ឋម៉ាឡេស៊ីម្នាក់ត្រូវអាជ្ញាធរពិន័យជាប្រាក់ចំនួន ១០ ០០០ រីងហ្គីត (២ ៤៣០ ដុល្លារអាមេរិក) ដោយគ្រាន់តែគាត់បានទាញម៉ាស់មកដាក់ត្រឹមចង្កាក្នុងអំឡុងពេលដែលគាត់កំពុងដើរនៅកន្លែងសាធារណៈ។

    រូបតំណាង

    ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋម៉ាឡេស៊ីដែលត្រូវរងនូវការពិន័យនេះគឺជាបុរសវ័យ ៤៥ ឆ្នាំម្នាក់ ហើយនៅក្នុងថ្ងៃកើតហេតុនោះគាត់បានទៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ​Perak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី និងជាតំបន់ដែលកំពុងផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងផងដែរ។ តាមការពិតបុរសរូបនេះមិនមានចេតនាបំពាននឹងវិធានការរបស់អាជ្ញាធរនោះទេ តែរូបគាត់ទំនងជាភ្លេចខ្លួនដោយគាត់បានទាញម៉ាស់មកត្រឹមចង្កាដើម្បីញ៉ាំទឹក ហើយបន្ទាប់ពីញ៉ាំទឹករួចគាត់ក៏បានរក្សាទុកម៉ាស់នៅត្រឹមចង្ការហូតនិងបានបន្តដើរពេញផ្សារ។ ដូចនេះហើយទើបអាជ្ញាធរម៉ាឡេស៊ីសម្រេចធ្វើការពិន័យចំពោះរូបគាត់ដើម្បីធ្វើជាគំរូមួយឲ្យពលរដ្ឋគ្រប់រូបត្រូវមានសា្មរតីការពារខ្លួនជានិច្ច ពោលគឺត្រូវតែពាក់ម៉ាស់ជាដាច់ខាតរាល់ពេលធ្វើដំណើរនៅទីសាធារណៈ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: