រថយន្ត LEXUS បើកលឿនដូចហោះ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ និងរងរបួសស្រាលមនុស្ស២នាក់
រាជធានីភ្នំពេញ៖ លាន់លឺដូចរន្ទះ! រថយន្តឡិសស៊ីស GS300 ស៊េរីទំនើប ស្លាកលេខខេមរភូមិន្ទ បោះពួយលឿនដូចហោះ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរួញផ្នែកខាងមុខខ្ទេចយ៉ាងដំណំ និងរបួសទាំងពីរនាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខរោងចក្រអគ្គិសនីទី២ តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយម្ចាស់រថយន្តរងរបួសបន្តិចបន្តួចក៏បានបញ្ជូនទៅមន្ទីរពេទ្យ។

រថយន្តបង្ក ស៊េរីទំនើបម៉ាកឡិសស៊ីស (LEXUS GS300) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08 2-3480 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើនេះ បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹង និងបុរសម្នាក់ទៀតជាអ្នករួមដំណើរជាមួយបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន បានមកដល់ចំណុចកើតហេតុ រថយន្តខាងលើនេះសង្ស័យបើកបរខ្វះការប្រុងប្រយ័ត្ន ណាមួយទំនងជាស្រវឹងផងនោះ ស្រាប់តែងាកចង្កូតទៅខាងឆ្វេងដៃទៅបុកចំរបាំងថ្មក្បាលព្រួយពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខខូចខាតយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តថែមទៀតផង ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្ដាលឲ្យអ្នកបើកបររួមទាំងដែលរួមដំណើរនៅក្នុងរថយន្តជាមួយនោះ រងរបួស និងមានស្រក់ឈាមក្នុងរថយន្តផងដែរ ហើយចេញពីរថយន្តទៅអង្គុយនៅចិញ្ចើមផ្លូវទូស័ព្ទហៅសាច់ញាតិក្រុមគ្រួសារ មកកន្លែងកើតហេតុ រួចហៅកង់បីឥណ្ឌា ឡើងជិះចេញពីកន្លែងកើតហេតុបាត់ទៅ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ធ្វើកំណត់ហេតុ ប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង និងស្ទូចយករថយន្តបង្កនេះ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា បន្តតាមផ្លូវច្បាប់ទៀតនៅពេលក្រោយ ៕









ដោយ៖ បងម៉េង ខ្មែរណូត