ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Facebook កំពុងបង្កើតកម្មវិធី Instagram ទម្រង់ថ្មីសម្រាប់ក្មេងដែលអាយុក្រោម ១៣ ឆ្នាំ

    BY Pheakdey March 20, 2021
    Facebook កំពុងបង្កើតកម្មវិធី Instagram ទម្រង់ថ្មីសម្រាប់ក្មេងដែលអាយុក្រោម ១៣ ឆ្នាំ

    Facebook បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនខ្លួនកំពុងតែធ្វើការលើគម្រោងបង្កើតកម្មវិធី Instagram ទម្រង់ថ្មីមួយសម្រាប់ក្មេងដែលមានអាយុក្រោម ១៣ ឆ្នាំ ដើម្បីចូលរួមជួយរក្សាសុវត្ថិភាពចំពោះក្រុមអ្នកប្រើប្រាស់បណ្តាសង្គមវ័យក្មេងទាំងនេះ។ កម្មវិធី Instagram ទម្រង់ថ្មីនេះនឹងមានលក្ខណៈខុសពី Instagram ធម្មតាដែលគេកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ពោលគឺវានឹងមានលក្ខណៈផ្សាភ្ជាប់ជាមួយនឹងបទពិសោធន៍ក្នុងការគ្រប់គ្រងកូនរបស់ឪពុកម្តាយដែលជាអ្នក​ប្រើប្រាស់បណ្តាញសង្គមដូចគ្នា។ រហូតមកទល់នឹងពេលនេះ Facebook កំពុងប្រមូលទិន្នន័យរបស់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវ័យក្មេងនិងឪពុកម្តាយរបស់ពួកគេ ហើយនៅក្នុង Instagram ទម្រង់ថ្មីនោះគេនឹងអនុញ្ញាតឲ្យឪពុកម្តាយអាចចូលទៅកំណត់ថា កូនៗរបស់គាត់អាច Chat ជាមួយអ្នកណាបាន​ និងមានមុខងារជាច្រើនផ្សេងទៀតដែលអនុញ្ញាតឲ្យឪពុកម្តាយអាចតាមដានសកម្មរបស់កូនៗពួកគាត់បាន។

    គេនៅចាំបានថា​កាលពីឆ្នាំ ២០១៧ កន្លងទៅ Facebook ក៏ធ្លាប់បានដាក់ចេញនៅកម្មវិធី Messenger​ សម្រាប់ក្មេងម្តងរួចហើយដែរ ហើយគម្រោងបង្កើត Instagram សម្រាប់ក្មេងនេះទៀតសោធគឺត្រូវបានធ្វើឡើងក្រោយ Facebook បានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថា ក្រុមហ៊ុននឹងដាក់ចេញនូវវិធានការថ្មីមួយចំនួនដើម្បីជួយរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ Instagram ជាយុវវ័យផងដែរ។ សូមបញ្ជាក់ ជូនថា នាពេលបច្ចុប្បន្ននេះគេពិបាកក្នុងការកាត់ផ្ដាច់មិនឲ្យក្មេងៗប្រើប្រាស់ទូរស័ព្ទទំនើបនិងបណ្តាញសង្គមណាស់ ហើយបើគ្មានការតាមដាននោះទេពួកគេអាចក្លាយជាជនរងគ្រោះក្នុងរូបភាពជាច្រើនដោយងាយផងដែរ ដូចជាការបោកប្រាស់យកប្រាក់ ឬជាការទទួលយកឥទ្ធិពលអាក្រក់ណាមួយពីសំណាក់ជន​ឱកាសនិយមជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: