ស្រ្តីអូស្ត្រាលីម្នាក់បានជាប់គុកជិត ២០ឆ្នាំទៅហើយពីបទបានសម្លាប់កូន ៤ នាក់ តែថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រទើរកឃើញថាកូនរបស់គាត់បានសម្លាប់ដោយជំងឺកម្រម្យ៉ាងដែលមានក្នុងហ្សែនពួកគេតាំងពីកំណើត
អូស្រ្តាលី៖ សារព័ត៌មាន CNN បានរាយការណ៍ថា មានស្រ្តីជនជាតិអូស្ត្រាលីម្នាក់ដែលបានជាប់គុកអស់រយៈពេល ១៨ ឆ្នាំមកហើយពីបទបានសម្លាប់កូនខ្លួនបង្កើតខ្លួនឯងចំនួន ៤ នាក់នោះ អាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ក្រោយក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានរកឃើញថា កូនៗរបស់គាត់ទំនងជាបានស្លាប់ដោយជំងឺកម្រម្យ៉ាងដែលមាននៅក្នុងហ្សែនពួកគេ តែមិនមែនស្លាប់ដោយសាម្តាយពួកគេនោះទេ។ ស្ត្រីជនជាតិអូស្ត្រាលីរូបនេះមានឈ្មោះថា Kathleen Folbigg ហើយកាលពីឆ្នាំ ២០០៣ កន្លងទៅរូបគាត់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈ ៣០ ឆ្នាំ និងក្រោយមកលើកលែងទោស ៥ ឆ្នាំ ពីបទបានសម្លាប់កូនបង្កើតខ្លួនឯងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៩០ មកដល់អំឡុងឆ្នាំ ២០០១។ កូនៗរបស់គាត់ដែលស្លាប់នោះមានអាយុចាប់ពី ១០ ខែ រហូតដល់ ១៨ ខែ ហើយពួកគេសុទ្ធតែបានស្លាប់ក្នុងករណីដូចៗគ្នា គឺស្លាប់យ៉ាងឆាប់រហ័សដោយមិនមានជំងឺអ្វីគួរឲ្យគត់សម្គាល់នោះទេ បើយោងតាមការពិនិត្យនៅពេលនោះ។ ដោយផ្អែកលើការស៊ើបអង្គេតក្នុងពេលនោះគេបានចោទប្រកាន់ថា លោកស្រី Kathleen Folbigg អាចជាមនុស្សមានដៃគូស្នេហាច្រើននិងមានកូនដោយមិនបានព្រៀងទុក ហើយរូបគាត់មានចេតនាមិនមើលថែកូនៗទាំងនោះនិងទុកឲ្យពួកគេស្លាប់តែម្តង ព្រោះមិនចង់ពិបាកចិញ្ចឹមពួកគេ។

លោកស្រី Kathleen Folbigg កាលពីអំឡុងឆ្នាំ ២០០៤
យ៉ាងណាក្តី ភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្រក្នុងពេលបច្ចុប្បន្ននេះបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងជាច្រើនដែលអាចបញ្ជាក់ថា នៅក្នុងខ្លួនទារកមួយចំនួនរួមទាំងកូនៗរបស់លោកស្រ្តី Kathleen Folbigg ផង គឺមានហ្សែនអាក្រក់មួយចំនួនដែលអាចជម្រុញឲ្យពួកគេមានបញ្ហាបេះដូងទាំងវ័យក្មេងនិងអាចស្លាប់ភ្លាមៗផងដែរ។ ក្រោយមានការកឃើញនេះទើបក្រុមអ្នកវិទ្យាសាស្រ្តបានស្នើឲ្យតុលាការអូស្រ្តាលីពិនិត្យករណីលោកស្រី Kathleen Folbigg ឡើងវិញ ហើយប្រសិនបើតុលាការ សម្រេចដោះលែងគាត់ឲ្យមានសេរីភាពវិញមែននោះ ករណីរបស់គាត់នឹងក្លាយជាករណីកាត់ទោសដោយច្រឡំធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលីផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ CNN