ថៃផ្តើមសាកល្បងចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងខ្លួនមនុស្សជាលើកដំបូង ខណៈគេរំពឹងថានៅឆ្នាំក្រោយនេះថៃនឹងមានសមត្ថភាពផលិតវ៉ាក់សាំងដោយខ្លួនឯង
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី ២២ ខែ មីនា ម្សិលមិញនេះ ប្រទេសថៃបានបោះជំហ៊ាននៃការអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ ១៩ ដល់ដំណាក់កាលធ្វើតេស្តសាកល្បងនៅក្នុងខ្លួនមនុស្សជាលើកដំបូងហើយ ខណៈគេរំពឹងថាដំណើរការនៃការផលិតវ៉ាក់សាំងអាចនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនេះផងដែរ។ វ៉ាក់សាំងដែលថៃកំពុងតែប្រើប្រាស់នៅក្នុងការពិសោធន៍នេះគឺជាប្រភេទវ៉ាក់សាំងដែលគេបានយកវីរុសអសកម្មមកផលិតជាប្រព័ន្ធភាពសាំនៅក្នុងរាងកាយមនុស្ស្ ហើយវ៉ាក់សាំងនេះត្រូវអភិវឌ្ឍន៍ឡើងដោយអង្គការឱសថរបស់រដ្ឋាភិបាលថៃផ្ទាល់តែម្តង។

នៅក្នុងការធ្វើតេស្តសាកល្បងនេះគេនឹងប្រើប្រាស់មនុស្សចំនួន ៤៦០ នាក់ និងត្រូវបែងចែកជាដំណាក់កាលផ្សេងគ្នា ដោយដំណាក់កាលទី ១ គេនឹងត្រូវធ្វើតេស្តចំពោះក្រុមពលរដ្ឋដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ ឆ្នាំ ខណៈការធ្វើតេស្តលើកទី ២ គឺចំពោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ ដល់ ៧៥ ឆ្នាំ។ បើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា បន្ទាប់ពីបានធ្វើតេស្តសាកស្បងទាំង ២ លើកនេះរួច គេនឹងយកលទ្ធផលនៃការធ្វើតេស្តទៅព្រឹក្សានិងពិគ្រោះយោបល់ជាមួយនឹងសាកលវិទ្យានិងស្ថាប័នដែលមានជំនាញក្នុងការផលិតវ៉ាក់សាំងជាច្រើនទៀតដើម្បីធានាបាននូវសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងឲ្យមានកម្រិតខ្ពស់បំផុត។ រដ្ឋមន្ត្រីរូបនេះបានបន្តថា គេរំពឹងខ្ពស់ក្នុងការទទួលបានជោគជ័យលើការសាកល្បងវ៉ាក់សាំងលើកនេះ ហើយបើវាគ្មានអ្វីជាឧបសគ្គដូចការគ្រោងទុកនោះគឺចាប់ពីឆ្នាំក្រោយនេះថៃនឹងមានសមត្ថភាពក្នុងការផលិតវ៉ាក់សាំងបានក្នុងចន្លោះពី ២៥ ទៅ ៣០ លានដូសក្នុងមួយឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍