ឃើញគេលក់ iPhone 7 តាម Online រៀងធូរថ្លៃក៏កុម្ម៉ង់ទិញ មានអីពេលឥវ៉ាន់មកដល់ជាតុធំមួយមានរាងដូចទូរស័ព្ទទៅវិញ
ជារឿយៗអ្នកទិញទំនិញ Online តែងប្រទះនូវរឿខកចិត្ត ព្រោះទំនិញដែលពួកគេទទួលបាននោះគឺខុសពីការរំពឹងទុកទាំងស្រុងតែម្តង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិថៃម្នាក់បានបញ្ជាទិញទូរស័ព្ទ iPhone 7 មួយគ្រឿងតាម Online តែអ្វីដែលគាត់ទទួលបានជាក់ស្តែងនោះគឺជាតុសម្រាប់យុវវ័យធំមួយដែលមានរាងដូចទូរស័ព្ទ iPhone 7 ទៅវិញ។

ប្រភពខាងលើបានបន្តថា បុរសជនជាតិថៃរូបនេះបានបញ្ជាទិញទំនិញខាងលើនេះតាមរយៈគេហទំព័រលក់ទំនិញកូរ៉េ 10×10.co.kr ដោយវាមានតម្លៃ ៣១០ ០០០ វ៉ុន (២៧៥ ដុល្លារ)។ បុរសថៃរូបនេះបានឲ្យដឹងផងដែរថា កំហុសមួយនេះគឺបានកើតឡើងដោយតែគាត់មិនបានអានព័ត៌មាននៃទំនិញឲ្យបានល្អិតល្អន់មុននឹងបញ្ជាទិញ ខណៈរូបគាត់ចេះតែឆ្ងល់ថាហេតុអ្វីបានជាការដឹកជញ្ជូនទំនិញលើកនេះថ្លៃម្លេះ ព្រោះវាគ្រាន់តែជាទូរស័ព្ទតូចមួយប៉ុណ្ណោះមិនគួរថ្លៃដូចនេះទេ។ បើទោះជាមិនទទួលបានទូរស័ព្ទតាមការគ្រោងទុកមែន តែពេលនេះគាត់ក៏អាចយកតុដ៏ស្រស់ស្អាតនៅប្រើប្រាស់បានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz