ជំរុំជនភៀសខ្លួនរបស់ពលរដ្ឋឥស្លាមរ៉ូហ៊ីងយ៉ានៅបង់ក្លេដែសត្រូវបានភ្លើងឆេះនិងបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់និងជាង ២ ម៉ឺននាក់ផ្សេងទៀតត្រូវរត់គេចខ្លួនជាបន្ទាន់
បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង ២០ ០០០ នាក់ផ្សេងទៀតត្រូវរត់គេចខ្លួនជាបន្ទាប់នៅក្នុងហេតុការផ្ទុះដ៏ធំសម្បើមនិងបានបង្កឲ្យមានអគ្គិភ័យឆាប់ឆេះយ៉ាងខ្លាំងមួយ ដែលបានកើតឡើងនៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃប្រទេសបង់ក្លាដែស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជំរុំជនភៀសខ្លួនដែលបានកើតហេតុអកុសលនេះគឺជាកន្លែងរស់របស់ក្រុមពលរដ្ឋរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្រោយពួកគេទទួលរងនូវការបាញ់ប្រហារពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ាកាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ។

បើតាមតាមអាជ្ញាធរបង់ក្លាដេសបានឲ្យដឹងថា អគ្គិភ័យបានផ្តើមកើតចេញពីការផ្ទុះធុងហ្គាលដែលពលរដ្ឋកំពុងប្រើប្រាស់សម្រាប់ចម្អិនអាហារក្នុងផ្ទះមួយកន្លែង ហើយបន្ទាប់មកវាក៏បានបន្តឆេះទៅផ្ទះផ្សេងទៀតនិងធ្វើឲ្យមានធុងហ្គាសមួយចំនួនផ្សេងទៀតត្រូវផ្ទុះជាបន្តបន្ទាប់ផងដែរ។ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ក្នុងចំណោមជនរងគ្រោះ ៥ នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះគឺមាន ៣ នាក់ជាកូនក្មេង និង ២ នាក់ផ្សេងទៀតគឺជាមនុស្សស្រ្តី។ សូមបញ្ជាក់ថា នៅក្នុងជំរុំជនភៀសខ្លួននោះគឺមានប្រជាពលរដ្ឋឥស្លាមរ៉ូហ៊ីងយ៉ាប្រមាណជា ១ លាននាក់កំពុងរស់នៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia