ប្រទេសជាច្រើនជុំវិញពិភពលោកកំពុងរវល់ប្រយុទ្ធជាមួយកូវីដ១៩ ឯកូរ៉េខាងជើងវិញបាញ់សាកល្បងមីស៊ីលធ្វើមិនដឹង
កូរ៉េខាងជើង៖ ខណៈដែលប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតែរវល់ប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ ប្រទេសកូរ៉េខាងជើងឯណោះវិញក៏មិនសូវជាទំនេរពីកម្មវិធីបាញ់មីស៊ីលរបស់ខ្លួនដែរ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ដើម្បីបង្ហាញអំពីការប្រកួតប្រជែងជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាលើកដំបូងផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះគឺទីក្រុងព្យុងយ៉ាងបានផ្តើមបាញ់មីស៊ីលសាកល្បងជាបន្តបន្ទាប់ចំនួន ២ គ្រាប់ឆ្ពោះទៅកាន់តំបន់កោះភាគលិចប្រទេស ហើយបើទោះជាគេមិនបានដឹងច្បាស់ពីប្រភេទនៃមីស៊ីលទាំង ២ គ្រាប់នោះក៏ពិតមែន តែបើយោងតាមវិសាលភាពនៃការផ្ទុះគេអាចសន្និដ្ឋានបានថា មីស៊ីលទាំងនោះគឺមានលទ្ធិពលខ្លាំងខ្លាមិនធម្មតានោះទេ។

គួរបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានអញ្ជើញទៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីសន្តិសុខនិងសុវត្ថិភាពនៅក្នុងតំបន់មួយចំនួនដែលតែងតែរងនូវការគំរាមគំហែងដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា ការបាញ់មីស៊ីលនេះមិនមែនគ្រាន់តែជាផ្តល់សញ្ញាប្រកួតប្រជែងជាមួយនឹងអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ប៉ុណ្ណោះទេ តែវាក៏ជាគំរាមគំហែងមួយស្រាប់ប្រទេសកូរ៉េខាងត្បូងផងដែរ។ បើទោះជាយ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាមេរិកហាក់គ្មានប្រតិកម្មណាមួយគួរឲ្យគត់សម្គាល់ចំពោះកូរ៉េខាងជើងនោះទេ ដោយអាមេរិកគិតថាវាមិនមែនជារឿងចម្លែកនោះទេដែលកូរ៉ខាងជើងធ្វើដូចនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia