ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ពីដើមខែក្រោយនេះថៃនឹងអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចត្រូវធ្វើចត្តាឡីស័កត្រឹម ១០ ថ្ងៃប៉ុណ្ណោះ

    BY Pheakdey March 27, 2021
    ចាប់ពីដើមខែក្រោយនេះថៃនឹងអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចត្រូវធ្វើចត្តាឡីស័កត្រឹម ១០ ថ្ងៃប៉ុណ្ណោះ

    ថៃ៖ ចាប់ពីថ្ងៃទី ១ ខែ មេសា នេះតទៅប្រទេសថៃនឹងផ្តើមអនុវត្តវិធានការធ្វើចត្តាឡីស័កថ្មីខ្លីជាងមុន ពោលគឺរយៈពេលនៃការធ្វើចត្តាឡីស័កមានត្រឹមតែ ១០ ប៉ុណ្ណោះសម្រាប់អ្នកដំណើរណាដែលបានចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ រួចហើយ។ បើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា វិធានការថ្មីនេះនឹងត្រូវអនុវត្តដូចគ្នាចំពោះអ្នកដំណើរទាំងអស់មិនថាពួកគេគឺជាជនជាតិបរទេសឬជនជាតិថៃនោះទេ។ វិធានការថ្មីនេះក៏ត្រូវបានគេមើលឃើញថា មានកែប្រែខុសពីការជូនដំណឹងនាពេលកន្លងមកបន្តិចផងដែរ ដោយកន្លងមកថៃគ្រោងនឹងឲ្យអ្នកដំណើរជាជនជាតិថៃនិងបានចាក់វ៉ាក់សាំងរួចត្រូវធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ។

    យ៉ាងណាក្តី ការកែប្រែនេះគឺត្រូវបានធ្វើឡើងដោយយោងទៅតាមស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ ១៩ ជាសកល ខណៈការសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កមកសល់ត្រឹម ១០ ថ្ងៃនេះ គឺជាការសម្រេចផ្លូវការចុងក្រោយហើយ។ គួរបញ្ជាក់ជូនថា ការធ្វើចត្តាឡីស័កសម្រាប់ក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចហើយនេះក៏មានបន្ថែមនូវលក្ខខណ្ឌពិសេសមួយចំនួនទៀតផងដែរ ដូចជាពួកគេអាចចេញទៅហាត់ប្រាណ ហែលទឹក ទៅទិញអាហារ ឬសម្ភារៈផ្សេងៗនៅក្នុងបរិវេណនៃកន្លែងដែលពួកគេកំពុងធ្វើចត្តាឡីស័ក។  ជាងនេះទៅទៀតពួកគេនឹងត្រូវធ្វើតេស្តចំនួន ២ ដងក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ ដោយតេស្តលើកទី ១ នឹងត្រូវធ្វើនៅក្នុងចន្លោះថ្ងៃទី ៣និងទី ៥ ខណៈតេស្តលើកទី ២ នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី ៩ ឬទី ១០។ សូមបញ្ជាក់ជូនផងដែថា ការផ្តល់ជូនលក្ខខណ្ឌពិសេសក្នុងការធ្វើចត្តាឡីស័កដូចបានជម្រាបជូនខាងលើនេះ ​ត្រូវបានអាជ្ញាធរថៃធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យត្រលប់មកប្រទេសខ្លួនឲ្យបានច្រើនវិញដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចថៃដែលកំពុងរងការគំរាមគំហែងដោយវិបត្តិកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: