ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅឥណ្ឌូនេស៊ីបានឆេះបណ្តាលឲ្យមនុស្ស ៥នាក់រងរបួសនិងជាង ៩០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey March 29, 2021
    រោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅឥណ្ឌូនេស៊ីបានឆេះបណ្តាលឲ្យមនុស្ស ៥នាក់រងរបួសនិងជាង ៩០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥ នាក់បានរងរបួសធ្ងន់ធ្ងរនិងមានពលរដ្ឋប្រមាណជា ៩៥០ នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ បន្ទាប់ពីមានហេតុការណ៍ឆេះរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅឥណ្ឌូនេស៊ី។ បើយោងតាមការចុះផ្សាយព័ត៌មាន Channel News Asia បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងមួយនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន Pertamina ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ហើយរោងចក្រមានទីតាំងស្ថិតនៅក្នុងខេត្តចាវ៉ា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពបានបន្តថា អគ្គិភ័យបានផ្តើមឆេះតាំងពីពាក់កណ្តាលយប់ថ្ងៃអាទិត្យម្លេះ ហើយបានបន្តឆេះរហូតដល់ព្រឹកថ្ងៃចន្ទ ទី ២៩ មីនា ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញពីមូលហេតុនៃការកើតមានអគ្គិភ័យនេះទេ។

    អគ្គិភ័យបានបណ្តាលឲ្យមានផ្សែងកខ្វក់យ៉ាងខ្លាំងនៅតំបន់ក្បែរនោះ ទើបអាជ្ញាធរត្រូវជម្លៀសពលរដ្ឋជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានអ្នកណាម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ បើតាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា រោងចក្រដែលបានឆេះនេះគឺជារោងចក្រផលិតប្រេងដ៏សំខាន់មួយរបស់ឥណ្ឌូនេស៊ី​ ដោយជាមធ្យមក្នុងមួយថ្ងៃរោងចក្រនេះមានសមត្ថភាពអាចសម្រាញ់ប្រេងបានប្រមាណជា ១២៥ ០០០ បារ៉ែល។

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: